បរទេស៖ ប្រទេសបង់ក្លាដែស នឹងបង្កើតក្រុមប្រឹក្សាកំណត់ប្រាក់ឈ្នួលមួយនៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរ បន្ទាប់ពីមានការតវ៉ាដែលបណ្តាលឱ្យរោងចក្រជាច្រើនកន្លែងត្រូវបិទទ្វារ និងបង្កឱ្យមានការប៉ះទង្គិចជាមួយប៉ូលិស ដែលធ្វើឱ្យវិស័យនាំចេញដ៏សំខាន់របស់ប្រទេសនេះជួបប្រទះនឹងសម្ពាធថ្មីមួយទៀត។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កម្មករនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន ៣០.០០០ តាកា (ស្មើនឹង ២៤៥ ដុល្លារអាមេរិក) ក្នុងមួយខែ ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ១២.៥០០ តាកា។ ពួកគេលើកឡើងថា ការកើនឡើងនៃថ្លៃចំណីអាហារ ថ្លៃលំនៅឋាន ថ្លៃដឹកជញ្ជូន និងថ្លៃសេវាថែទាំសុខភាព បានធ្វើឱ្យអំណាចទិញរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។
ជម្លោះនេះបានបង្កឱ្យមានក្តីបារម្ភអំពីការរំខានដល់វិស័យឧស្សាហកម្មមួយ ដែលផ្តល់ការងារដល់កម្មករប្រហែល ៤ លាននាក់ រកចំណូលបានជាង ៨០% នៃការនាំចេញសរុបរបស់ប្រទេសបង់ក្លាដែស និងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ម៉ាកយីហោល្បីៗជាច្រើននៅលោកខាងលិច។
រដ្ឋមន្ត្រីក្រសួងការងារ និងការងារ បង់ក្លាដែស លោក Ariful Haque Chowdhury បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងបង្កើតក្រុមប្រឹក្សាកំណត់ប្រាក់ឈ្នួលនេះឡើងជាផ្លូវការ បន្ទាប់ពីបានពិភាក្សាជាមួយមេដឹកនាំសហជីពកម្មករ និងតំណាងវិស័យឧស្សាហកម្ម ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹងទាំងនេះ។
ប្រែសម្រួលៈ តុលា
