នយោបាយ

លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ សុំសិទ្ធិធ្វើនយោបាយឡើងវិញ

ភ្នំពេញ ៖ លោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិក គណៈកម្មាធិការនាយក របស់អតីតគណបក្ស សង្រ្គោះជាតិ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់ មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការ តុលាការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៧ បានស្នើទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ។

នេះបើយោងតាមលិខិត២ច្បាប់ របស់លោកទាំង២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលបានស្នើទៅសម្តេច ស ខេង សុំសិទ្ធិធ្វើនយោបាយវិញ។

រហូតមកដល់ថ្ងៃ១៨ ឧសភានេះ ក្រុមមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ជាច្រើនរូប បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឬទ្ធិ លោក មាជ សុវណ្ណារ៉ា លោក សុន ឆ័យ លោក មុត ចន្ថា លោក តាន គឹមឈន លោក វ៉ា សាម៉ុន លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោក ឡុង គឹមឃន និងលោក យង់ ផាន់ណេត ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលភាគច្រើនសុទ្ធសឹង តែជាមនុស្សជំនិត របស់លោក កឹម សុខា ។

បើតាមអ្នកវិភាគការសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ដោយពួកគាត់អស់ជំនឿ និងអស់សង្ឃឹមទៅលើគណបក្ស ដែលរលាយហើយ មិនអាចរស់ឡើងវិញ ព្រោះអស់រយៈពេលជាង៣ឆ្នាំហើយ ដែលពួកគាត់ទន្ទឹងរង់ចាំការរស់ឡើងវិញ នៃអតីតគណបក្សរបស់ខ្លួន ទៅតាមការឃោសនា អកុសលរបស់លោក សម រង្ស៊ី ។ ប៉ុន្តែ រហូតមកទល់ពេលនេះ មើលមិនបានឃើញនូវពន្លឺអ្វីសូម្បីតែបន្តិច ។

គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលដីកា សម្រេចផ្អាក មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ដោយអំណាចសាលក្រមតុលាការ ៕

To Top