ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាចូលរួម ក្នុងរបៀបវារៈ នៃការអប់រំ ដើម្បីអភិវឌ្ឍន៍ ប្រកបដោយចីរភាព

ភ្នំពេញ ៖ ក្នុងសន្និសីទសកលរបស់ អង្គការយូណេស្កូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួម ក្នុងរបៀបវារៈនៃការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់សកលលោក។

ក្នុងសន្និសីទសកលស្ដីពី ការអប់រំដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព (ESD) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «ព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាយ៉ាងពេញទំហឹង ចូលរួមក្នុងរបៀបវារៈ នៃការអប់រំ ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រមទាំង បន្តចូលរួមជាវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់សកលលោក ដោយមិនបណ្ដោយឲ្យអ្នកណាម្នាក់ ឬប្រទេសណាមួយ ត្រូវបានទុកចោលឡើយ ហើយបន្តចូលរួមជាមួយ បណ្ដាប្រទេស ដទៃទៀត ក្នុងការលើកកម្ពស់ ESD»។

សន្និសីទនេះនឹងជួយបង្កើន សន្ទុះសម្រាប់ក្របខណ្ឌថ្មីនៃ ESD សម្រាប់ ឆ្នាំ ២០៣០ ដែលមានគោលបំណងរួមគ្នា កសាងពិភពលោកទាំងមូល ដែលមានភាពត្រឹមត្រូវ និងប្រកបដោយនិរន្តរភាព តាមរយៈការពង្រឹង និងជាកត្តាមួយដែលអាចជំរុញ ឱ្យមានចូលរួមដល់ភាព ជោគជ័យរបស់ SDGs ទាំង១៧ និងដើម្បីកសាងប្រព័ន្ធអប់រំ ដែលគាំទ្រដល់អ្នកសិក្សាគ្រប់វ័យ ឲ្យមានទំនួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្ម ដល់សង្គមប្រកបដោយចីរភាព និងភពផែនដី ដែលមានសុខាមាលភាព។

ជាងនេះទៅទៀត ដោយមានការលើកកម្ពស់ការយល់ដឹង អំពីបញ្ហាប្រឈម នៃការអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទីសំខាន់របស់ ESD ដែលជាកម្លាំងរុញច្រាន ឱ្យទទួលបានជោគជ័យនៃ SDGs ទាំងអស់ ។ ផ្អែកតាមភាពជាក់ស្តែង សកលលោកនាពេលថ្មីៗនេះ គឺមានការអភិវឌ្ឍលើគន្លងថ្មី ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19៕

To Top