ភ្នំពេញ ៖ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរសហគមន៍ អន្ដរជាតិទៅវិញ ក្រោយចោទថា កម្ពុជាលំអៀងទៅភាគីចិនថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណា? ទាក់ទិនករណីនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រសាសន៍របស់សម្តេចតេជោ ពិតជាត្រឹមត្រូវ ។
សូមរំលឹកថា ជារឿយៗសហគមន៍អន្តរជាតិ និងអ្នកវិភាគដែលមាននិន្នការ ទៅរកអតីតបក្សប្រឆាំង បានចោទប្រកាន់សម្តេចតេជោថា មានភាពលំអៀង ទៅរកចិន ប៉ុន្តែសម្តេចថា កម្ពុជាបើកការទំនាក់ទំនង ជាមួយបណ្តាប្រទេសនានា ក្នុងពិភពលោក ដោយមិនរើសអើងឡើយ ។
ស្ថានទូតចិនបានបញ្ជាក់យ៉ាងខ្លី នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ឧសភានេះ ថា «ប្រសាសន៍របស់សម្តេចតេជោ ពិតជាត្រឹមត្រូវ» ។
ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដតួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វាគ្មិនចោទសួរ សម្ដេចតេជោ ថា «អ្នកខ្លះនិយាយថា ប្រទេសកម្ពុជា ដូចជាពឹងផ្អែកទៅលើចិនខ្លាំងពេក តើសម្ដេចតេជោ យល់យ៉ាងណាពីការព្រួយបារម្ភ របស់សហគមន៍អន្ដរជាតិ»? ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគួរនិយាយដោយត្រង់ៗថា បើខ្ញុំមិនពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា? និយាយឲ្យពិត និយាយការពិតនៅទីនេះ បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា? ទុកឲ្យប្រជាជនកម្ពុជា ឆ្លងទន្លេ ឆ្លងព្រែក ដោយជិះទូកដរ ដោយឆ្លងស្ពានឬស្សី ឬឈើ ប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរឬយ៉ាងណា?»។
សម្ដេចតេជោ ក៏បានចោទសួរបកទៅសហមគន៍អន្ដរជាតិ អ្នកវិភាគ បក្សប្រឆាំងថា បើកុំមានជំនួយរបស់ចិន តើកម្ពុជាគួរទៅពឹងអ្នកណា? សម្ដេចបន្តថា កម្ពុជាមិនបិទទ្វារសម្រាប់ទទួលជំនួយឡើយ គឺរង់ចាំទទួលជំនួយ ជានិច្ចពីបណ្ដាប្រទេសនានា ៕