Covid-19

កូវីដ១៩៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។

នៅក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។

ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំ ណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេ ចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំ នួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យនិងសិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញ ថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

ក្រៅពីនេះ អង្គប្រជុំបានអនុម័តយល់ព្រម លើសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៦ ដោយបានប្រគល់ ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពការងាររដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ផងដែរ៕ ស.សំណាង

To Top