បរទេស៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ៧៥០.០០០ដូស ដែលសហរដ្ឋអាមេរិក បានសន្យានឹងតៃវ៉ាន់នោះ នឹងបញ្ជូនតាមយន្តហោះមកដល់ក្នុងពេលឆាប់ៗនេះ ស្របពេលដែលវិធានការដោះស្រាយការផ្ទុះឆ្លង នៅតែដាក់បន្ត។
លោកស្រី ត្សៃ អ៊ីងវិន នៅក្នុងការផ្សាយបន្តផ្ទាល់មួយ ពីការិយាល័យរបស់លោកស្រី បានមានប្រសាសន៍ដោយមិនបាន ផ្តល់សេចក្តីលម្អិតបន្ថែមដូច្នេះថា “ការងារសម្របសម្រួលសម្រាប់ការ ដឹកជញ្ជូននូវថ្នាំវ៉ាក់សាំង៧៥០.០០០ដូស ដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិកនោះ បានចាប់ផ្តើមហើយ ហើយពួកវានឹងបញ្ជូនមកតៃវ៉ាន់ តាមផ្លូវអាកាស ក្នុងពេលឆាប់ៗនេះ”។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំសូមសន្យាថា រដ្ឋាភិបាលនឹងធ្វើអ្វីៗ គ្រប់យ៉ាងទាំងអស់ក្នុងអំណាចរបស់ខ្លួន ដើម្បីប្រឹងប្រែងធ្វើការផ្គតផ្គង់ ជាប់មិនដាច់នូវថ្នាំវ៉ាក់សាំង”។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ កោះតៃវ៉ាន់កំពុងតែព្យាយាមធ្វើឲ្យប្រាកដថា ថ្នាំវ៉ាក់សាំងរាប់លានដូសដែលខ្លួន មាននៅលើការបញ្ជាទិញនោះ នឹងមកដល់ក្នុងពេលដ៏ឆាប់បំផុត ហើយក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃអាទិត្យ សមាជិកព្រឹទ្ធសភាអាមេរិក លោក Tammy Duckworth បានមានប្រសាសន៍ថា រដ្ឋាភិបាលអាមេរិក នឹងបញ្ជូនថ្នាំវ៉ាក់សាំងឲ្យតៃវ៉ាន់ចំនួន ៧៥០.០០០ដូស ជាផ្នែកនៃ ផែនការបរិច្ចាគសកលកាន់តែធំឡើង ៕
ប្រែសម្រួល៖ ប៉ាង កុង