ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធ ទី ១៦ ខែមិថុនា បានថ្លែងអះអាង នូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង រវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជន កម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សកុម្មុយនីស្តចិន ក៏ដូចជា ប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
លោកស្រី ឃួន សុដារី សមាជិក គណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ នៃរដ្ឋសភា បានថ្លែងអះអាង នៅក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីសមិទ្ធផលរបស់ក្រុងសៀងហៃ ក្នុងការប្រតិបត្តិ គោលគំនិតរបស់ ស៊ី ជីនពីង ស្តីពីសង្គមនិយម ជាមួយនិងឥរិយាបថថ្មីរបស់ចិន សម្រាប់យុគសម័យថ្មី តាមវីដេអូខនហ្វើរិនថា តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា លោកស្រី មានកិត្តិយស សូមបញ្ជាក់អះអាងសាជាថ្មីថា គណបក្សប្រជាជន កម្ពុជា បន្តពូនជ្រុំទំនាក់ទំនង រវាង គណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរ កាន់តែ ខ្លាំងក្លាថែមទៀត ដូចអ្វីដែលថ្នាក់ដឹកនាំ នៃប្រទេសទាំង២ ចាត់ទុកថា ទំនាក់ទំនងនេះ គឺជាទំនាក់ទំនងដែកថែប។
ឆ្លៀតក្នុងឱកាសនោះដែរ សមាជិក គណៈកម្មការអចិន្ត្រៃយ៍ នៃ គណបក្សកាន់អំណាច នៃប្រទេសកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី នាយក រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំ នៃប្រទេសចិន ដែលបានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ដល់ដំណើរការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែង ចុងក្រោយថ្មីៗនេះ គឺការផ្តល់ជំនួយវ៉ាក់សាំង ក៏ដូចជា បរិក្ខារពេទ្យជាច្រើន មកកាន់ប្រទេសកម្ពុជា ស្របពេល ដែលប្រទេសកម្ពុជា កំពុងទទួលរង នូវការគំរាមកំហែង យ៉ាងខ្លាំង ដោយសារជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោក ស្រី ឃួន សុដារី ក៏បានអបអរសាទរការបង្កើត គណបក្សកុម្មុយនីស្តចិន ដែលបានកកើតឡើង នៅក្នុងទីក្រុង សៀងហៃ ដែលមកទល់ពេលនេះ គណបក្សកុម្មុយនីស្តចិន បាន ដើរតួនាទី យ៉ាងសំខាន់ នៅក្នុងការដឹកនាំប្រទេសចិន នាំមកនូវការឯកភាពជាតិ និងការអភិវឌ្ឍ បោះជំហ៊ានឡើងជាបន្តបន្ទាប់។
កិច្ចពិភាក្សាលំដាប់អន្តរជាតិ រៀបចំដោយគណកម្មាការធិការបក្ស ខេត្តសៀងហៃ ក៏មានការចូលរួមពី បណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក ក្នុងនោះក៏មានតំណាងមកពីមជ្ឈមណ្ឌលព័ត៍មាន ដើមអម្ពិល គឺលោក សយ សុភា និងជាអគ្គលេខាធិការរង សមាគមអ្នកកាសែតកម្ពុជា-ចិន ផងដែរ៕