បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិតិខឲ្យគ្នាទៅវិញទៅមក ដែលស្វែងរកភាពអាចទៅរួច នៃជំនួបកំពូលមួយ នៅមុនជំនួបរបស់លោក មូន ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីខែឧសភា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NEWS KINGPIN នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានសង្ឃឹមថា នឹងប្រើប្រាស់ជំនួបជាមួយលោក ចូ បៃដិន ជាឱកាសមួយដើម្បីស្តារកិច្ចពិភាក្សា ជាប់គាំងជាមួយកូរ៉េខាងជើង និងជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យក្តោបក្តាប់ បញ្ហាជាមួយភាពបន្ទាន់ខ្លាំងឡើង។
ដោយលើកឡើងពីប្រភពការទូតមួយ កាសែត JoongAng Ilbo បាននិយាយនៅថ្ងៃសុក្រនេះថា លោក មូន ជេអ៊ីន បានផ្ញើលិខិតមួយឲ្យលោក គីម ជុងអ៊ុន ដើម្បីរកផ្លូវប្រារព្ធធ្វើជំនួបកំពូលមួយ ដែលរួមទាំងការធ្វើតាមអនឡាញ ប្រសិនបើទៅរួច ដូចដែលលោកបានស្នើជា សាធារណៈកាលពីខែមករា ប៉ុន្តែគ្មានការបញ្ចាក់ថា មេដឹកនាំកូរ៉េខាងជើង បានឆ្លើយតបបែបណានោះទេ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង និងលោកប្រធានាធិបតីអាមេរិក បានបង្ហាញនូវឆន្ទៈខ្លួនចង់ ជួបពិភាក្សាជាមួយកូរ៉េខាងជើង នៅក្រោយកិច្ចប្រជុំនាខែឧសភា ប៉ុន្តែលោក ចូ បៃដិន មិនបានបង្ហាញពីបំណង ចង់បន្ធូរបន្ថយទណ្ឌកម្ម តាមដូចដែលទីក្រុងព្យុងយ៉ាងទាមទារ ជាយូរមកហើយនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									