នយោបាយ

លោក គង់ គាំ យល់ស្របឲ្យលោក អ៊ូ ច័ន្ទរ័ត្ន​ គៀងគរអតីតមន្រ្តី CNRP បង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ប្រកួតជាមួយបក្ស កាន់អំណាច

" "

ភ្នំពេញ ៖ លោក គង់ គាំទីប្រឹក្សាគណបក្សឆន្ទៈខ្មែរ បានប្រកាសក្នុងបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១០ សីហា ដោយយល់ស្រប ផ្តល់តួនាទីឲ្យលោក អ៊ូ ច័ន្ទរ័្នត ក្នុងនាមជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា ដើម្បីប្រមូលគៀងគរ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលបានទៅបង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ ។

លោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ចំពោះការប្រកាសផ្តល់ឲ្យលោក ពីសំណាកអ្នកនយោបាយ ចាស់វស្សារូបនេះ ។ តែលោកថា ចាំក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់បក្សជាផ្លូវការ ពេលណា លោកនឹងចាប់ផ្តើម សកម្មភាពគៀងគរតែម្តង ។ លោក អ៊ូ ច័ន្ទរ័ត្នថ្មីៗនេះ បានប្រកាសសម្របសម្រួល អ្នកទៅបង្កើតបក្សថ្មីៗ កើតចេញពីអតីត CNRP មកប្រកួតជាមួយបក្ស កាន់អំណាច។

" "

លោក គង់ គាំ បានថ្លែងក្នុងបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃ១០ សីហា ថា ការរួបរួមអ្នកប្រជាធិបតេយ្យ មិនអាចគ្រាន់ តែជាវោហាស័ព្ទ នយោបាយនោះឡើយ តែត្រូវប្រែក្លាយទ្រឹស្តី ឲ្យទៅជាសកម្មភាព និង លទ្ធផលជាក់ស្តែង។

" "

លោកថា លោក អ៊ូ ច័ន្ទរ័ត្ន ជាសហស្ថាបនិកម្នាក់ របស់គណបក្សកែទម្រង់កម្ពុជា បង្កើតថ្មីដូចគណបក្ស នយោបាយថ្មីៗដទៃដែរ ដែលមានចេតនា បង្រួបបង្រួម អ្នកនយោបាយអតីត CNRP ដែលបានបង្កើត គណបក្សនយោបាយថ្មីៗ ឲ្យចូលរួមជាធ្លុងមួយ ក្នុងការប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុង គឺជាចេតនាល្អ ។

លោកបញ្ជាក់ថា “ដើម្បីអាចសំរេចការជួបពិភាក្សាគ្នា ជាក់ស្តែង គណបក្សឆន្ទៈខ្មែរ យល់ស្របជូនតួនាទី ដល់គណបក្សកែទម្រង់កម្ពុជា ជាអ្នកសម្របសម្រួល អញ្ជើញថ្នាក់ដឹកនាំ និងអ្នកនយោបាយបង្កើត គណបក្សនយោបាយថ្មីៗ (ដែលព្រមព្រៀង) ហើយកំណត់ពេលវេលា និងទីកន្លែងសមស្រប តាមឱកាសដែលអនុគ្រោះ” ។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ សីហាថា គម្រោង នៃការរួបរួមអ្នកប្រជាធិបតេយ្យ លោកបានរៀបចំទុក ជាយូរមកហើយ ដោយរង់ចាំឲ្យក្រសួងមហាផ្ទៃ ប្រកាសសុពលភាពបក្ស ជាផ្លូវការប៉ុណ្ណោះ នឹងចាប់ផ្តើមធ្វើសកម្មភាព ប្រមែលប្រមូលហើយ ដោយនឹងរិះរកវិធីសម្របសម្រួល ដោយរបៀបណា ដើម្បីឲ្យពួកគេយល់ព្រម ។

លោកបន្តថា “ដោយអាចអញ្ជើញអស់លោកអ្នក នយោបាយនៅក្នុង អតីតគណបក្សប្រឆាំងក្តី ជាមួយអ្នកដែលមិនធ្លាប់ ប្រឆាំងក្តី ក៏អាចជជែកគ្នា ក្នុងស្មារតីបង្រួបបង្រួម” ៕

To Top