ព័ត៌មានជាតិ

លោក សយ សុភាព៖ អាមេរិកវាយប្រហារចិន តាមរយៈគម្រោង អភិវឌ្ឍន៍នៅកម្ពុជា មិនលស់ម៉ោង

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា សហរដ្ឋអាមេរិក តាមវាយប្រហារយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន ដែលហៅកាត់ថា BRI តាមរយៈគម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា មិនលស់ថ្ងៃ ជាក់ស្ដែង ការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​។

លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពី អង្គការឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch)​នៅថ្ងៃទី១០​ ខែសីហានេះ ​បានចេញរបាយការណ៍​កម្រាស់​១៣៧ទំព័រ​បង្ហាញអំពី​ផលប៉ះពាល់​នៃការសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២​ទៅលើក្រុមជនជាតិ​ដើមភាគតិច​ ដែលរស់នៅ​ជុំវិញ​តំបន់នោះ។​ អង្គការអន្តរជាតិ​មួយនេះ ​បានចាត់ទុក​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២នេះថា ​ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍ​«ខ្សែក្រវាត់​ និងផ្លូវ​»របស់ចិន​ និងថា​ គម្រោងនេះ​បានធ្វើឱ្យ​អន្តរាយ​ដល់ការលើកស្ទួយ ​សិទ្ធិមនុស្ស​នានានៅកម្ពុជា​។

នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា សូមក្រឡេកមើលចុះ អាមេរិកវាយចិន ខ្មែរមិនលស់ម៉ោង តើឱ្យខ្មែរជឿទុកចិត្ត អាមេរិកបានទេ។ ឥឡូវរករឿងបញ្ហា វារីអគ្គិសនី នៅសេសានក្រោម២ ទៀតហើយដោយចោទថានេះ ជាផែនការប្រ៊ីរបស់ចិន។

លោក សយ សុភាព បញ្ជាក់ថា «ប្រសិនបើគ្មានចិន ជួយរួមចំណែក កសាងទេម៉ោងនេះខ្មែរ នៅដុតចង្កៀងប្រេងកាត នៅឡើយ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ បានដើរតួនាទីសំខាន់ណាស់ សម្រាប់កសាង សេដ្ឋកិច្ចជាតិ។ខ្មែរត្រូវការឯករាជ្យ ខាងឋាមពលអគ្គិសនី ដោយមិនត្រូវការដកដង្ហើម តាមអ្នកក្បែរខាងទេ»។

លោក សយ សុភាព បន្ថែមថា« ពួកអ្នកឯងនេះ ប្រៀបបានឆ្កែឆ្កួត ដើរខាំគេខាំឯង។ ថ្ងៃណាមួយចរិតឈ្លើយ របស់ពួកឯង នឹងត្រូវរលាយ។ សតវត្សរ៍​ទី២១ មិនមែនពួកឯងធ្វើអីស្រេចក្បាលចិត្តទៀតទេ។ នេះជាសតវត្សរ៍របស់ចិន អាស៊ីអាហ្វ្រិក ហើយ ខ្មែរក៏មិនស្ថិរនៅក្រោមអានិគមនិយម ហ្វាស៊ីស ដែរ និងលើសពីនេះទៀត យួន សៀម ក៏អស់ឥទ្ធិពលលើខ្មែរដែរ»៕

To Top