ព័ត៌មានអន្តរជាតិ

តុលាការចិន ប្តូរពីទោសជាប់ពន្ធនាគារ ១៥ឆ្នាំ ទៅជាទោសប្រហារជីវិត ទៅលើបុរសជនជាតិ កាណាដាម្នាក់

បរទេស៖ ដើមឡើយ លោក Robert Schellenberg ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ កាលពីចុងឆ្នាំ ២០១៨ ប៉ុន្តែក្រោយមកត្រូវបានប្តូរទៅជា ទោសប្រហារជីវិតវិញ។ តុលាការប្រទេសចិន បានតម្កល់ទោសប្រហារជីវិត ទៅលើជនជាតិកាណាដា Robert Schellenberg ពីបទរត់ពន្ធគ្រឿងញៀន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការប្រជាជនជាន់ខ្ពស់ខេត្ត លាវនីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ អង្គហេតុដែលបានរកឃើញ នៅក្នុងសវនាការ លើកដំបូង គឺច្បាស់លាស់ភស្តុតាង អាចជឿទុកចិត្តបាន និងគ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោស មានភាពត្រឹមត្រូវ ការកាត់ទោសគឺសមរម្យ ហើយនីតិវិធីនៃការជំនុំជម្រះគឺស្របច្បាប់” ។

យោងតាមព្រះរាជអាជ្ញាក្នុងករណីនេះ Schellenberg គឺជាសមាជិកសំខាន់នៃក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ ដែលមានគម្រោងបញ្ជូនថ្នាំមេតំហ្វេតាមីនជាង ២០០ គីឡូក្រាម ទៅកាន់ប្រទេសអូស្រ្តាលី កាលពីឆ្នាំ ២០១៤។ បុរសជនជាតិកាណាដារូបនេះ បានអះអាងថា គាត់នៅប្រទេសចិនជាអ្នកទេសចរ ហើយត្រូវបានគេអូសចូល ដោយចេតនាក្នុងការរត់ពន្ធគ្រឿងញៀន ដោយបុរសជនជាតិចិន ម្នាក់បានណែនាំ ឱ្យធ្វើជាអ្នកបកប្រែ។

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិន លោក Dominic Barton បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសាលក្រមនេះ ហើយបានអំពាវនាវឱ្យប្រទេសចិន ផ្តល់ការលើកលែងទោស ដល់លោក Schellenberg ៕

ប្រែសម្រួលៈណៃ តុលា

To Top