ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ចិន និងកង្វល់ធំៗ ជាពិសេសប្រយ័ត្នប្រយែងពាក្យសម្តី និងទង្វើ ហើយងាកទៅធ្វើអ្វីៗជាច្រើនទៀត ដែលនាំឱ្យមានការអភិវឌ្ឍ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការកត់សម្គាល់អវិជ្ជមានដែលលោក John Aquilino មេបញ្ជាការបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិ កបានធ្វើកាលពីពេលថ្មីៗនេះទាក់ទងនឹងប្រទេសចិន។
លោកបានចង្អុលបង្ហាញថា សំណួរពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ហើយបញ្ហា ដែលទាក់ទងនឹងហុងកុង និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយពួកគេមិនត្រូវមានការរារាំង ឬការជ្រៀតជ្រែកពីបរទេសឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា មន្រ្តីយោធាអាមេរិកខ្លះ បាននិយាយខុសម្តងហើយម្តងទៀតលើបញ្ហា ដែលទាក់ទងនឹងប្រទេសចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងការប្រឈមមុខដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក។ លោកថា “យើងប្រឆាំងដាច់ខាតចំពោះរឿងនេះ”។
លោកបន្ដថា ទំនាក់ទំនងដែលមានសុខភាពល្អ និងមានស្ថិរភាពរវាងយោធាចិន និងអាមេរិក គឺស្របតាមផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ដោយលោកបានបន្ថែមថា ចិន បានបញ្ជាក់យ៉ាងច្បាស់ពីគោលការណ៍ ដែលត្រូវសង្កេតនៅពេលអភិវឌ្ឍលើទំនាក់ទំនង។
លោកបានអះអាងថា “យើងទទូចឱ្យភាគីអាមេរិក គោរពដោយស្មោះនូវផលប្រយោជន៍ស្នូល និងកង្វល់ធំៗ របស់ចិន គោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ហើយត្រូវប្រយ័ត្នប្រយែង ចំពោះពាក្យសម្ដី និងទង្វើ និងធ្វើអ្វីដែលមានផលប្រយោជន៍”៕
ដោយ ឈូក បូរ៉ា