បរទេស៖ប្រទេសកាតា បាននិយាយថា ខ្លួនទើបបានជំរុញពួកតាលីបង់ ឲ្យចុះកិច្ចបទឈប់បាញ់គ្នា និងបញ្ឈប់ប្រតិបត្តិការវាយលុយរបស់ពួកគេ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងជំនួបមួយ រវាងរដ្ឋមន្ត្រីការបរទេសកាតា និងតំណាងជាន់ខ្ពស់របស់ពួកបះបោរ អាហ្វហ្គានីស្ថាន នៅក្នុងទីក្រុងដូហា កាលពីថ្ងៃសៅរ៍។
លោករដ្ឋមន្ត្រីការបរទេស Mohammed bin Abdulrahman Al-Thani បានជួបជាមួយ ប្រធានការិយាល័យ នយោបាយពួកតាលីបង់ លោក Mullah Abdul Ghani Baradar ដើម្បីបន្តកិច្ចពិភាក្សាសន្តិភាព ដែលរៀបចំដោយប្រទេសកាតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើ គេហទំព័រផ្លូវការរបស់ក្រសួង ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រីការបរទេស បានជំរុញពួកតាលីបង់ នៅក្នុងកិច្ចជំនួប ឲ្យធ្វើការផ្អាកបង្កើនការវាយលុក និងបង្កើតបទឈប់បាញ់គ្នា”។
គួរបញ្ជាក់ថា ប្រេសិតមកពីសហរដ្ឋអាមេរិក ចិន ប៉ាគីស្ថាន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានជួបជាមួយតំណាងរបស់ពួកបះបោរតាលីបង់ និងមន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុងដូហា៕
ប្រែសម្រួល៖ប៉ាង កុង