ព័ត៌មានអន្តរជាតិ

យូអីន នឹងប្រារព្ធធ្វើសន្និសីទស្តីពី ជំនួយអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា

បរទេស៖ អង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើសន្និសីទជំនួយអន្តរជាតិមួយ នៅក្នុងទីក្រុងហ្សឺណែវ នាថ្ងៃទី១៣ ខែកញ្ញា ដើម្បីជួយបញ្ចៀសនូវអ្វី ដែលលោកអគ្គលេខាធិការអង្គការ សហប្រជាជាតិ Antonio Guterres ដែលគេហៅថា មហន្តរាយមនុស្សជាតិ កំពុងកើនឡើង។ 

នៅក្នុងសារមួយដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ ប្រកាសពីសន្និសីទ ដែលលោកនិយាយថា នឹងស្វះស្វែងរកការបង្កើនទំហំថវិកាយ៉ាងឆាប់រហ័ស សម្រាប់ជំនួយមនុស្សធម៌នោះ លោក Antonio Guterres បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវការឲ្យសហគមន៍អន្តរជាតិឈររួមគ្នា និងគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាន”។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍បន្ថែមទៀតថា “យើងក៏នឹងអំពាវនាវឲ្យជំនួយមនុស្សធម៌បញ្ជូនចូលទៅបានទាំងស្រុង ដើម្បីធានាថា ជនជាតិអាហ្វហ្គានីស្ថាន បន្តទទួលបានសេវាកម្មដ៏សំខាន់ ដែលពួកគេត្រូវការ”។ 

គួរបញ្ជាក់ថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើន កំពុងតែប្រឹងប្រែងស្វែងរកស្បៀងអាហារ សម្រាប់គ្រួសារពួកគេ ស្របពេលមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ នៅមុនពេលពួកសកម្មប្រយុទ្ធតាលីបង់ ដណ្ដើមយកអំណាចកាលពីខែមុន ហើយក្នុងពេលបច្ចុប្បន្ននេះ មនុស្សរាប់លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លាន ដោយប្រទេសនេះនៅដាច់ឯកោ និងសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ៕  ប្រែសម្រួល៖ប៉ាង កុង 

To Top