ព័ត៌មានអន្តរជាតិ

ប្រេសិត អាមេរិក នឹងធ្វើដំណើរ ទៅស៊ូដង់ ក្រោយមានការប៉ុនប៉ង ធ្វើរដ្ឋប្រហារ

បរទេស ៖ ប្រេសិតទទួលបន្ទុកកិច្ចការអាហ្វ្រិក លោក Jeffrey Feltman នឹងធ្វើដំណើរ ទៅប្រទេសស៊ូដង់ នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការ បញ្ជាក់ជាថ្មី នូវការគាំទ្រអាមេរិក ចំពោះរដ្ឋាភិបាលស៊ូដង់ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីអាជ្ញាធរស៊ូដង់និយាយថា ពួកគេបានរារាំង ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយនាយករដ្ឋមន្ត្រី ស៊ូដង់ លោក Abdalla Hamdok ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan បានបង្ហាញនូវការប្តេជ្ញា របស់រដ្ឋបាលលោក បៃដិន គាំទ្រ ចំពោះការផ្លាស់ប្តូរដឹកនាំដោយស៊ីវិល ទៅតាមលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសស៊ូដង់ និងប្រឆាំងការប៉ុនប៉ងណាមួយ ដែលធ្វើឲ្យធ្លាក់ផ្លូវ ឬក៏រំខានដល់ឆន្ទៈរបស់ប្រជាជនស៊ូដង់ ។

គួរបញ្ជាក់ថា អាជ្ញាធរស៊ូដង់ បាននិយាយថា ពួកគេបានរារាំងការប៉ុនប៉ង ធ្វើរដ្ឋប្រហារមួយ កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ ចំពោះអ្នករៀបចំផែនការ ដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី លោក Omar al-Bashir ពីបទមានការប៉ុនប៉ង ផ្តួលរំលំបដិវត្តន៍ ធ្វើឲ្យលោក Omar al-Bashir ធ្លាក់ចេញពីអំណាច ក្នុងឆ្នាំ២០១៩ និងផ្លាស់ប្តូរទៅរក លទ្ធិប្រជាធិបតេយ្យ ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Jake Sullivan ក៏បានគូសបង្ហាញថា ការប៉ុន៉ប៉ងណាមួយធ្វើឡើង ដោយយោធា ដើម្បីធ្វើឲ្យប៉ះពាល់ដល់ស្មារតី និងគោល នៃសេចក្តីប្រកាសរដ្ឋធម្មនុញ្ញ ដែលព្រមព្រៀងគ្នារបស់ស៊ូដង់ នឹងបង្កផលវិបាកខ្លាំងក្លា ចំពោះភាពជាដៃគូទ្វេភាគី អាមេរិក-ស៊ូដង់ និងជំនួយដែលគ្រោងទុក ៕ ប្រែសម្រួល៖ប៉ាង កុង

To Top