ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងសហភាពអឺរ៉ុប នឹងពិភាក្សាគ្នា លក្ខខណ្ឌសម្រាប់ ការទទួលស្គាល់វិញ្ញាបនប័ត្រ ថ្នាំវ៉ាក់សាំងកូវីដ១៩ (Video)

បរទេស៖ ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប នឹងធ្វើការពិភាក្សាគ្នា ពីលក្ខខណ្ឌសម្រាប់ ការទទួលស្គាល់គ្នាទៅវិញទៅមក នូវវិញ្ញាបនប័ត្រថ្នាំវ៉ាក់សាំងកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ផ្អែកលើការនិយាយ ពីក្រសួងសុខភាពរុស្ស៊ី នៅថ្ងៃពុធនេះ។

ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរុស្ស៊ី បានធ្វើការពន្យាពេលម្តងហើយម្តងទៀត នូវការត្រួតពិនិត្យធ្វើឡើង ដោយទីភ្នាក់ងារឱសថអឺរ៉ុប ដែលចាំបាច់សម្រាប់ ការទទួលស្គាល់ ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V នៅសហគមន៍អឺរ៉ុប។

សេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយថា ដំណើរនៃកិច្ចចរចាគ្នា លើបញ្ហានៃការទទួលស្គាល់ ទៅវិញទៅមក នៃវិញ្ញាបនប័ត្រថ្នាំវ៉ាក់សាំង រវាងរុស្ស៊ីនិងសហភាពអឺរ៉ុប គឺកំពុងតែប្រព្រឹត្តទៅ ហើយកិច្ចប្រជុំថ្នាក់ ការងារមួយផ្សេងទៀត រវាងតំណាងរបស់ ក្រសួងសុខាភិបាល រុស្ស៊ីនិងសហភាពអឺរ៉ុប គឺត្រូវបានប្រារព្ធធ្វើឡើង ក្នុងទម្រង់ដ៏ជាក់លាក់។

គួរបញ្ជាក់ថា នៅក្នុងខែកញ្ញា ក្រសួងសុខាភិបាលរុស្ស៊ី បានប្រគល់ឯកសារដែលភាគីអឺរ៉ុប ស្នើសុំក្នុងអំឡុងកិច្ចប្រជុំពីមុន ឲ្យទៅតំណាងសហភាពអឺរ៉ុប ហើយការងារលើការទទួលស្គាល់ទៅវិញទៅមកនៃវិញ្ញាបនប័ត្រនោះ មានគោលដៅបំបាត់ឧបសគ្គ សម្រាប់ការធ្វើដំណើរ របស់ពលរដ្ឋរុស្ស៊ីទៅសហភាពអឺរ៉ុប៕

ប្រែសម្រួល៖ប៉ាង កុង

To Top