ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសស្ត្រីម្នាក់ ដាក់គុក៣០ឆ្នាំ ពាក់ព័ន្ធការដឹកជញ្ជូន គ្រឿងញៀនជាង ១ គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទោស ស្ត្រីជាប់ចោទម្នាក់ ដាក់គុក ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង ១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១៨។

លោកស្រីចៅក្រម ខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោកស្រីចៅក្រម បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សាំង ញ៉ង និង ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅឃុំសេកុង ក្នុងស្រុកសៀមប៉ា ត្រូវបានតុលាការសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។

តែឈ្មោះ សាំង ញ៉ង បានប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការខេត្តស្ទឹងត្រែង មកកាន់តុលាការ ឧទ្ធរណ៍។ ចំណែកឯ ឈ្មោះ ជុំ ណាវណ្ណ: មិនបានប្តឹងឧទ្ធរណ៍ទេ។

ក្នុងចំណោមជនជាប់ចោទទាំងពីរនាក់, ឈ្មោះ ជុំ ណាវណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួន នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតបាន
គ្រឿងញៀនជាប្រភេទ មេតំហ្វេតាមីន(ice) ចំនួន០១កញ្ចប់ធំ ស្មើនឹងទម្ងន់សុទ្ធ១០២៤,៥៤ក្រាម។

រីឯ ឈ្មោះ សាំង ញ៉ាង ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជុំ ណាវណ្ណៈ ៕

ដោយ រស្មី អាកាស

To Top