ព័ត៌មានអន្តរជាតិ

ការចាក់ថ្នាំបង្ការកូវីដ១៩ ដល់សិស្សនៅតាមសាលាចំនួន ១៣ នៅទីក្រុងបាងកក ត្រូវពន្យារពេល បន្ទាប់ពីការបញ្ជូនថ្នាំយឺតយ៉ាវ

បរទេស៖ ការចាក់ថ្នាំបង្ការកូវីដ១៩ របស់សិស្សនៅតាមសាលាចំនួន ១៣ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានពន្យារពេលហើយ បន្ទាប់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលក្រុងបាងកក បានបរាជ័យក្នុងការបញ្ជូន វ៉ាក់សាំងដែលពួកគេត្រូវការ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យ 9 International ក្រុងបាងកក ដែលជាមជ្ឈមណ្ឌលផ្តល់ថ្នាំបង្ការដល់សិស្ស បានផ្ញើលិខិតទៅនាយកសាលាទាំង ១៣ ដោយជូនដំណឹងដល់ពួកគេថា ការចាក់ថ្នាំបង្ការបង្ការជំងឺកូវីដ១៩ ត្រូវបានលើកពេលរហូតដល់មានការជូនដំណឹងបន្ថែម។

យោងតាមមន្ទីរពេទ្យ គឺមន្ទីរសុខាភិបាលបានជូនដំណឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនអាចផ្តល់វ៉ាក់សាំង Pfizer ដល់សិស្សទាំងនេះបានទាន់ពេលវេលាទេ។

មន្រ្តីសុខាភិបាលសាធារណៈរបស់រដ្ឋបាលក្រុងបាងកក បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេកាលពីម្សិលមិញ។

សូមជម្រាបថា ក្រសួងអប់រំ របស់ប្រទេសថៃ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននៅដើមខែនេះដើម្បីបង្កើតភាពស៊ាំដល់សិស្ស មុនពេលផែនការបើកសាលាឡើងវិញនៅខែក្រោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top