ព័ត៌មានអន្តរជាតិ

ស្ថានភាពសុខភាព របស់លោក Bill Clinton អតីតប្រធានាធិបតីអាមេរិក ប្រែមកសភាពដើមវិញ ជាបណ្តើរៗ ក្រោយបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យ

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ស្ថានភាពសុខភាព របស់អតីតប្រធានាធិបតីអាមេរិក Bill Clinton កំពុងមាននិន្នាការឆ្ពោះ ទៅរកទិសដៅត្រឹមត្រូវ ប៉ុន្តែគាត់នឹងបន្តទទួលការព្យាបាល នៅមន្ទីរពេទ្យនៅខាងត្បូង រដ្ឋកាលីហ្វ័រនីញ៉ា មួយយប់ទៀត ។ អ្នកនាំពាក្យរបស់គាត់ បានឲ្យដឹង កាលពីថ្ងៃសុក្រ ។

លោក Clinton អាយុ៧៥ឆ្នាំ ត្រូវបានគេអនុញ្ញាត ឱ្យចូលមន្ទីរពេទ្យនៅសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា ហៅកាត់(យូស៊ី) នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Irvine នៅតំបន់ Orange County ដែលមិនមែនពាក់ព័ន្ធ នឹងវីរុសកូរ៉ូណានោះទេ ។

ចំនួនគ្រាប់ឈាមស របស់គាត់បានថយចុះ គួរឱ្យកត់សម្គាល់ អ្នកនាំពាក្យរបស់គាត់ឈ្មោះ Angel Urena កាលពីរសៀលថ្ងៃសុក្រ បានឲ្យដឹងទៀតថា លោក Clinton នឹងនៅតែស្ថិតនៅក្នុងមន្ទីរ ពេទ្យមួយយប់ដើម្បី “ទទួលថ្នាំអង់ទីប៊ីយូទិចបន្ថែមទៀត” ។

លោក Clinton ស្ថិតនៅក្នុងការថែទាំយ៉ាង យកចិត្តទុកដាក់របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយូស៊ី Irvine ទោះបីជាមិនបានទទួល ការព្យាបាលនៅ ICU ក៏ដោយ ទូរទស្សន៍ខេអេប៊ីស៊ី-ទូរទស្សន៍ប៉ុស្តិ៍ឆ្នេរសមុទ្រ ខាងលិច នៃបណ្តាញ ទូរទស្សន៍ ABC ដកស្រង់សម្តីជំនួយការ អតីតប្រធានាធិបតីអាមេរិករូបនេះ ដែលបានលើកឡើង កាលពីថ្ងៃសុក្រ ។

ជំនួយការរូបនេះ បានប្រាប់ អ្នកយកព័ត៌មាន នៅឯមន្ទីរពេទ្យថា លោក Clinton មានការឆ្លងមេរោគ លើប្រព័ន្ធទឹកនោម ដែលរាលដាលដល់ ចរន្តឈាមរបស់គាត់ ប៉ុន្តែកំពុងជាសះស្បើយ ហើយមិនទាន់ឈានដល់ស្ថានភាព គំរាមកំហែងដល់អាយុជីវិតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top