បរទេស៖ មេបញ្ជាការកងទ័ពការពារជាតិថៃ លោកឧត្តមសេនីយ៍ Chalermpol Srisawat បាននិយាយកាលពីថ្ងៃអង្គារថា ទាហាននឹងចូលខ្លួនដើម្បីដោះស្រាយការតវ៉ានយោបាយ លុះត្រាតែស្ថានការណ៍ ត្រូវបានចាត់ទុកថាជាការបះបោរ ឬកុបកម្ម។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Chalermpol Srisawat ថា សេចក្តីប្រកាសរបស់ក្រុម Thalu Gas ឥឡូវនេះបានប្តូរឈ្មោះទៅជាសម្ព័ន្ធបដិវត្តន៍ប្រជាជនហៅកាត់ថា PRA អំពីគោលបំណងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញគឺ ជាការបញ្ចេញមតិដោយស្របច្បាប់នូវមតិរបស់ក្រុមនេះ។
លោកបន្តថា ការទទួលខុសត្រូវរបស់ប៉ូលីសគឺដើម្បីធានានូវច្បាប់ និងសណ្តាប់ធ្នាប់ ដូច្នេះប្រសិនបើក្រុមនេះធ្វើសកម្មភាពតាមរបៀបណាមួយដែលគំរាមកំហែងដល់អធិបតេយ្យភាពរបស់ថៃ នោះវាដល់ពេលដែលយោធាត្រូវចាត់វិធានការហើយ។
លោកថា ក្នុងករណីកុបកម្មតូចតាចផ្ទុះឡើង យោធាអាចដើរតួនាទីតូចតាចប៉ុណ្ណោះក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសក្នុងការទប់ស្កាត់។
លោកឧត្តមសេនីយ៍ Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងហើយបាននិយាយថា គ្មានកុបកម្មណាមួយត្រូវបានគេគិតទុកជាមុនឡើយ។ លោកបាននិយាយថាប៉ូលីសបាននិងកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពដូចដែលបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃចំនួនប្រជាជននៅការតវ៉ាតាមដងផ្លូវក៏ដូចជាការកើនឡើងនៃការចាប់ខ្លួន៕ប្រែសម្រួលៈ ណៃ តុលា