ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹក នៅតាមសណ្តរ ស្ទឹងព្រែកត្នោត ដែលអាចប្រឈម ដោយការយាយី ពីជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ រសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈម ដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែក ខាងលើ (ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

សូមជម្រាបជូនថា កម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាម៉ោង ៤ រសៀលនេះ គឺមានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញ គឺបានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ បានលើសកម្ពស់ប្រកាស ឲ្យមានប្រុងប្រយ័ត្ន នៅកម្រិត ៧,០០ ម៉ែត្រ ។

សកម្មភាពកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ មកម្ល៉េះ ដោយបានអនុវត្តការងាររួចមួយចំនួនរួមមាន ៖

  • នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់ បានប្រមាណ ១០០ ម៉ែត្រត្រីគុណ/វិនាទី ។
  • ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ ៩៤, ប្រឡាយ ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២.៥០០ ម៉ែត្រ ចេញពីប្រឡាយ ៩៤ និង ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់ ។
  • លើកពង្រឹងកម្ពស់តួរទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិឋានប្រជាពលរដ្ឋ
    មកដល់ពេលនេះ ស្ថានភាពស្ថិត នៅក្នុងការប្រុងប្រយ័ត្ន កំពុងប្រឈមនៅឡើយ ទោះជាយ៉ាងណាក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿង ចក្រធុនធ្ងន់ចំនួន ៣៦ គ្រឿង, បាវខ្សាច់ធំ-តូច, សំណាញ់ថ្ម និងកម្លាំងក្រុមការងារកំពុង បន្តការងារអន្តរាគមន៍ ដោយប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ ដល់លំនៅឋានប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តប្រឈម ៕
To Top