ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ព្រមានប្រធានមន្ទីរ ធនធានទឹក ក្រោយស្រវឹងស្រា បង្កការអុកឡុក

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការព្រមានធ្ងន់ៗ ទៅកាន់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី ប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ តុលា កន្លងទៅ។

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួន ដូចខាងក្រោម៖

១- ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត 

២- ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់ កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ

៣-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ

៤- ត្រូវមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក 

៥- ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់ 

៦- គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត

៧- រដ្ឋបាលខេត្ត និងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល០២ ឆ្នាំដូចគ្នា។

ទទួលបានលិខិតព្រមាននេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមានកំហុសលើកក្រោយទៀត ។ 

ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ៕

To Top