ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ស្នើម្ចាស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ចាក់ផ្សាយភ្លេងជាតិ ឲ្យដូចគ្នាតាមវិទ្យុ និងទូរទស្សន៍ជាតិ

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានស្នើដល់ ម្ចាស់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ឯកជនទាំងអស់ត្រូវចាក់​ផ្សាយបទភ្លេងគោរពទង់ ជាតិកម្ពុជាឲ្យបានព្រមៗគ្នា នៅក្នុងពេលតែមួយ និងបទភ្លេងតែមួយ ដោយត្រូវយកគម្រូតាមការផ្សាយបន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាជារៀងរាល់ ថ្ងៃពេលព្រឹកនៅវេលាម៉ោង ៧ និងពេលល្ងាចម៉ោង១៧ ។

យោងតាមលិខិតក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងបានសង្កេតឃើញ ស្ថានីយវិទ្យុ និងទូរទស្សន៍នីមួយៗ បានចាក់ផ្សាយបទភ្លេង គោរពទង់ជាតិ ដោយឡែកៗពីគ្នា និងពេលវេលាខុសៗគ្នា។ ស្ថានីយវិទ្យុ-ទូរទស្សន៍ខ្លះពេលព្រឹកចាក់ ផ្សាយនៅម៉ោង៧ ហើយពេលល្ងាច ម៉ោង១៧ ប៉ុន្តែមានស្ថានីយវិទ្យុ-ទូរទស្សន៍ខ្លះទៀត បានចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ និងនៅពេលវេលាខុសៗគ្នា ។

លិខិតបន្តថា “ដូច្នេះដើម្បីឲ្យមានការ ឯកភាពគ្នា ក្នុងការចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានព្រមៗគ្នា នៅក្នុងពេល វេលាតែមួយ និងបទភ្លេងតែមួយ ក្រសួងសូមឲ្យម្ចាស់ស្ថានីយវិទ្យុ ឯកជនទាំងអស់ ត្រូវធ្វើការផ្សាយបន្តផ្ទាល់ ពីវិទ្យុជាតិកម្ពុជា FM96MHz និងស្ថានីយទូរទស្សន៍ ឯកជនទាំងអស់ត្រូវ ធ្វើការផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ ជាតិកម្ពុជាឲ្យបានព្រមៗគ្នា ជារៀងរាល់ថ្ងៃ”។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃស្ថានីយវិទ្យុ-ទូរទស្សន៍ បានចាក់ផ្សាយបទភ្លេងគោរពទង់ជាតិ ដើម្បីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស គោរពទង់ជាតិ និងជាការដាស់តឿន បំផុសស្មារតីប្រជាពលរដ្ឋឲ្យមានសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយរឹងមាំ ដូចសម័យមហានគរតាម បាវចនាជាតិ សាសនាព្រះមហាក្សត្រ និងថែរក្សាបានគង់វង្ស នូវអត្តសញ្ញាណជាតិ ៕ ដោយ៖ធី លីថូ

To Top