តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីចិន របស់លោក ស៊ី ជីនពីង ដើម្បីរក្សាទំនាក់ទំនង ដើម្បីធានាថា ទំនាក់ទំនងតានតឹង រវាងមហាអំណាចទាំងពីរ នឹងមិននាំឱ្យមានជម្លោះនោះទេ ប៉ុន្តែពួកគេនៅតែប្រកាន់ខ្ជាប់ លើបញ្ហាសន្តិសុខ ជុំវិញច្រកសមុទ្រតៃវ៉ាន់។
គ្មានការផ្តល់ជូនជាក់លាក់ណាមួយ ត្រូវបានរាយការណ៍ពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូង នោះឡើយ ទោះបីជានៅក្នុងទម្រង់និម្មិត ដែលមានរយៈពេលប្រហែល ៣ម៉ោងកន្លះ ចំពេលមានការប្រេះឆាលើបញ្ហា ជាច្រើនចាប់ពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស និងតៃវ៉ាន់ ។
លោក បៃដិន បានឲ្យដឹងនៅដើមដំបូង នៃកិច្ចពិភាក្សាថា “វាហាក់បីដូចជាខ្ញុំ ទំនួលខុសត្រូវរបស់យើង ក្នុងនាមជាមេដឹកនាំ នៃប្រទេសចិន និងសហរដ្ឋអាមេរិក គឺដើម្បីធានាថា ការប្រកួតប្រជែង រវាងប្រទេសរបស់យើង មិនក្លាយជាជម្លោះ ទោះបីជាចេតនា ឬ អចេតនាក៏ដោយ” ។
លោកបានបន្ថែមថា “វាជារឿងសំខាន់ ដែលយើងត្រូវប្រាស្រ័យ ទាក់ទងគ្នាដោយស្មោះត្រង់ និងដោយផ្ទាល់អំពីអាទិភាព របស់យើង និងចេតនារបស់យើង” ដោយអំពាវនាវឱ្យមានតម្រូវការក្នុងការបង្កើត “ក្បួនការពារសមហេតុសមផល មួយចំនួន” ដើម្បីជៀសវាងការ គណនាខុស ឬការយល់ច្រឡំណាមួយ ។
លោក ស៊ី បានលើកឡើងថា ទំនាក់ទំនងដ៏រឹងមាំ និងស្ថិរភាព គឺត្រូវបានទាមទារ សម្រាប់ការជំរុញការ អភិវឌ្ឍន៍រៀងៗខ្លួនរបស់ប្រទេសទាំងពីរ និងដើម្បីការពារបរិយាកាស អន្តរជាតិប្រកបដោយសន្តិភាព ខណៈពេលដែលប្តេជ្ញាថា នឹងធ្វើការជាមួយលោក បៃដិន ដើម្បីកសាងមតិឯកភាព ចាត់វិធានការយ៉ាងសកម្ម និងជំរុញទំនាក់ទំនង ចិន-អាមេរិកឆ្ពោះទៅមុខទិសដៅវិជ្ជមាន” ។
ប៉ុន្តែលោកក៏បានកត់ សម្គាល់ផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន គួរតែ “គោរពគ្នាទៅវិញទៅមក និង ដំណើរការកិច្ចការក្នុងស្រុក” របស់ពួកគេផ្ទាល់ នៅពេលដែលពួកគេធ្វើការ រួមគ្នាដើម្បីដោះស្រាយបញ្ហា ប្រឈមជាសកល ដូចជាជំងឺរាតត្បាត នៃមេរោគឆ្លង និងការប្រែប្រួលអាកាសធាតុ ។
ដោយលោក ស៊ី មិនបានចាកចេញពីប្រទេសចិន ទាល់តែសោះក្នុងអំឡុងពេល ជំងឺរាតត្បាត កិច្ចប្រជុំតាមអ៊ីនធឺណិត មានបំណងនាំមេដឹកនាំទាំងពីរ “ជិតស្និទ្ធនឹងមុខគ្នា ដូចដែលបច្ចេកវិទ្យាអនុញ្ញាត ឱ្យមើលឃើញគ្នាទៅវិញទៅមក” នេះបើយោងតាមរដ្ឋបាលលោក បៃដិន ។
កិច្ចពិភាក្សាដែលបានធ្វើឡើង បន្ទាប់ពីការហៅទូរស័ព្ទពីរលើកកាលពីដើមឆ្នាំនេះ បានចាប់ផ្តើមក្នុងបរិយាកាសស្និទ្ធស្នាល ដោយលោក ស៊ី បានហៅលោក បៃដិន ដែលជាអតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិកថា “មិត្តចាស់” របស់លោក ។
ជាមួយគ្នានេះដែរ មេដឹកនាំសហរដ្ឋអាមេរិក និងចិន មិនបានពិភាក្សាអំពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយនោះទេ ទោះបីជាមានការ រំពឹងទុកថា លោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូលនិម្មិតនឹងអញ្ជើញលោក បៃដិន ឱ្យចូលរួមក្នុងពិធីនៃព្រឹត្តិការណ៍ កីឡាក៏ដោយ ។
មេដឹកនាំ ទាំងពីរ ក៏បានលើកឡើង អំពីបញ្ហាបន្លាដូចជាការចោទប្រកាន់ របស់ ទីក្រុងប៉េកាំង អំពីការរំលោភ សិទ្ធិមនុស្ស ប្រឆាំង នឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័យ នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចឆ្ងាយ របស់ខ្លួន ការបង្ក្រាបលទ្ធិប្រជាធិបតេយ្យ ហុងកុង និងស្ថានភាពតៃវ៉ាន់៕
ដោយ ឈូក បូរ៉ា