ព័ត៌មានជាតិ

ម្ចាស់យានយន្ដរួសរាន់ ទៅបង់ពន្ធ ផុតកំណត់ត្រឹមថ្ងៃ៣០ វិច្ឆិកា បើខកខាតនឹងទទួលទោសតាមច្បាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១៧ វិច្ឆិកា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា «សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន»។

អគ្គនាយកដ្ឋានពន្ធដារបន្ដថា ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា ម្ចាស់យានយន្តនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ច សារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

To Top