ព័ត៌មានជាតិ

តំណាងរោងចក្រ នៃ GMAC ប្រមាណជាង ៣០០ នាក់ ចូលរួមឈ្វេងយល់ ពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន

ភ្នំពេញ៖ ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. លោក សុក បូរ៉ា បានធ្វើបទបង្ហាញស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់តំណាងរោងចក្រ នៃសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ឆ្លើយតបទៅនឹងការស្នើសុំ កាលពីពេលកន្លងទៅ។

លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់ នៃបទបង្ហាញខាងលើ គឺដើម្បីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាន របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ពិសេសគឺចង់បង្ហាញអំពី អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលសមាជិក ប.ស.ស. នឹងទទួលបាន បន្ទាប់ពីបានចុះឈ្មោះ ចូលក្នុងផ្នែកប្រាក់សោធនមួយនេះ ។

លោក សុក បូរ៉ា បានឱ្យដឹងទៀតថា សម្រាប់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ នៅពេលដែលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនត្រូវបាន ដាក់ឱ្យដំណើរការនាពេលខាងមុខ។

សូមបញ្ជាក់ថា៖ បទបង្ហាញខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំង តំបន់សេដ្ឋកិច្ចពិសេស ដែលរៀបចំឡើងដោយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយមានការចូលរួម ពីតំណាងរោងចក្រ នៃសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ប្រមាណជាង ៣០០ នាក់ ទាំងការចូលរួមដោយផ្ទាល់ និង តាមរយ:ប្រព័ន្ធអនឡាញ zoom meeting ៕

To Top