ព័ត៌មានជាតិ

កម្ពុជា វាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្ស របស់មិត្តចិន

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្សរបស់មិត្តចិន។

ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង នៅក្នុងជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន បានលើកឡើងថា «មានអារម្មណ៍ថាដូចជាទើបតែជួបឯកឧត្តម វ៉ាង យី នៅភ្នំពេញថ្ងៃមុននេះសោះ ប៉ុន្តែតាមពិតជិតបីខែហើយ! »។

ប្រមុខការទូតកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន បានបន្តប្តេជ្ញាកសាងភាពធន់ ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ លើកស្ទួយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ផ្នែកថាមពល និងបច្ចេកទេសជាដើម។

លោក ប្រាក់ សុខុន បញ្ជាក់ថា «កម្ពុជាតែងតែវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្ស របស់មិត្តចិន»។

សូមរំលឹកថា យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ វិច្ឆិកា បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមាន៖ ការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។

ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីសម្រាប់ ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ៕

To Top