ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងថា ពិតជាមានការផ្លាស់ប្តូរភារកិច្ច លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ពិតប្រាកដមែន ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ចេញពីអធិការ នគរបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះវិញ។
ដោយឡែកលោកវរសេនីយ៍ត្រី ម៉ន វុធី ជាអធិការរង នគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានតែងតាំង ជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជំនួស លោក យឹម សារ៉ាន់ វិញ ។ នេះបើយោងតាមប្រកាស របស់សម្តេច ស ខេង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ប្រកាសនេះ គឺ ជាប្រកាសពិតប្រាកដ គ្រាន់តែមានកំហុសរដ្ឋបាល បន្តិចបន្តួចតែប៉ុណ្ណោះ ។ លោក អះអាងថា នេះ ជាការផ្លាស់ប្តូរភារកិច្ច របស់កងកម្លាំងធម្មតា មិនមានអ្វីគួរអោយភ្ញាក់ផ្អើលទេ ។
ជុំវិញបញ្ហានេះ ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពី លោក យឹម សារ៉ាន់ បានទេ ដោយសារទូរស័ព្ទចូលហើយ ត្រូវបានចុចបិទវិញ ៕