ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិសិង្ហបុរី

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារ ជាមួយលោក Teo Eng Dih អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានធ្វើការកោត សសើរ នូវវប្បធម៌ អរិយធម៌ និងសមិទ្ធផលនានា ដែលបានកើតទ្បើងដោយ កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ស្តែងចេញ តាមរយៈ ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ ទៅកាន់ទីតាំងប្រវតិសាស្រ្តនានា ដូចជា សារមន្ទីរជាតិ សារមន្ទីរទួលស្លែង និងវិមានឈ្នះ ឈ្នះ ជាដើម ។

ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ ដល់ គណៈប្រតិភូ សម្រាប់ការអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការ ជម្រាបជូន អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរួមគ្នាថែរក្សាសន្តិភាពដែល មាន នេះ  ឲ្យបាន គង់វង្ស ដើម្បីបន្ត នូវ វឌ្ឍនភាព និងភាពសម្បូរណ៍សប្បាយ។

ព្រមជាមួយគ្នា អគ្គមេបញ្ជាការរង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាព កិច្ចសហប្រតិបត្តិការជាច្រើន ក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា លំហាត់ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានា ជាដើម។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសិង្ហបុរី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រ ចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការ បែបយុទ្ធសាស្ត្រដ៏សំខាន់៕

To Top