ព័ត៌មានជាតិ

សមាគម អ្នកនិពន្ធខ្មែរ ប្រគល់ពានរង្វាន់ ជ័យលាភីអក្សរសិល្ប៍ ទន្លេមេគង្គលើកទី១១ ដល់បេក្ខនារីពីររូប

កំពង់ចាម ៖ សមាគមអ្នកនិពន្ធខ្មែរ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១នេះ បានប្រារព្ធពិធី ប្រគល់ពានរង្វាន់ជ័យលាភី អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ដល់បេក្ខនារីពីររូប ធ្វើឡើងនៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

លោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានថ្លែងថា យើងគ្រប់គ្នា បានជ្រាបច្បាស់ហើយថា ការបង្កើតស្នាដៃអក្សរសិល្ប៍មួយ ប្រកបដោយការច្នៃប្រឌិត គឺទាមទារឱ្យអ្នកសរសេរ មានកម្រិតយល់ដឹងមូលដ្ឋាន យ៉ាងច្បាស់លាស់ ការយល់ច្បាស់អំពីបរិបទសង្គមមួយលើគ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និងជីវភាពពិត របស់មនុស្សក្នុងតំបន់ទើបស្នាដៃ មានភាពប្រាកដនិយម។

ម្យ៉ាងទៀត យើងតែងតែទទួលស្គាល់ថា អក្សរសិល្ប៍ដែលមាននិរន្តរភាព និងតម្លៃ គឺជាប្រភេទស្នាដៃ ដែលបាន បង្ហាញ និងប្រៀបធៀបតិច ឬច្រើននូវព្រឹត្តិការសង្គម ជីវិតពិតក្នុងសង្គមនោះ ។ ការជួបជុំថ្ងៃនេះដែរ ក៏ជានិមិត្តរូបការបន្តពូនជ្រុំ រឹតបន្ដឹងចំណងមិត្តភាព បន្តចែករំលែកបទពិសោធ ចំណេះដឹងថ្មីៗ និងកាន់តែយល់ចិត្តអ្នកនិពន្ធ ដែលរស់នៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងប្រធានបទ “ជីវិត និង និន្តរភាពទន្លេមេគង្គ។ ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រជាជាតិរស់ តាមដងទន្លេមេគង្គ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ផងដែរថា ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារការប្រឡង គឺធ្វើឡើង ជាអន្តរជាតិ នៃអ្នកនិពន្ធជាច្រើន នៃបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ។ ក្នុងនោះបេក្ខនារី ដែលទទួលបានជ័យលាភី មានពីររូប ទី១ ឈ្មោះ ឡុង លាភសុជាតា មកពីភ្នំពេញ ទី២ ឈ្មោះ លឹម ផាន់ណា រស់នៅក្នុង ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំ ឲ្យមានការប្រឡងអក្សរសិល្ប៍ ទន្លេមេគង្គនេះ គឺពិតជាមានអត្ថន័យ សំខាន់ណាស់ ពោល មិនត្រឹមតែការប្រគល់ ពានរង្វាន់លើកទឹកចិត្តដល់បុគ្គល ឬ បញ្ញវន្ត នៃបណ្ដាប្រទេស រស់នៅជាប់ដងទន្លេ មេគង្គនោះទេ សំខាន់បំផុតគឺការរឹត ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ តាមបណ្ដាប្រទេស ដែលជាប់ដងទន្លេមេគង្គ ។ ដូច្នេះត្រូវជំរុញ យន្តការនេះ ឱ្យមានភាពស្អិតរមួត តាមរយៈការបង្កើតឱ្យមានស្នាដៃ ប្រកួតប្រជែងអក្សរសិល្ប៍ របស់ប្រទេសនីមួយៗ ។ ម្យ៉ាងទៀតទាក់ទងទៅនឹងការចែក រំលែកបទពិសោធន៍ ដល់អ្នកនិពន្ធទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេស ជាប់ទន្លេមេគង្គផងដែរ ៕

To Top