ព័ត៌មានជាតិ

លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ បដិសេធមិនជាប់ពាក់ព័ន្ធទំនាស់ដីធ្លី នៅមណ្ឌលគិរី

ភ្នំពេញ ៖ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការបំភ្លឺថា លោកមិនជាប់ព័ន្ធនឹងទំនាស់ដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ការចេញមកបដិសេធនេះ ក្រោយពីលោកបានឃើញលើទំព័រ ហ្វេសប៊ុកឈ្មោះ ផែ វណ្ណៈ សរសេរពីរឿងវិវាទដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ សៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ចៅក្រម កាន់សំណុំរឿង បានយកឈ្មោះលោកទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធាព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និងដោះលែង ឲ្យមានសេរីភាពវិញ” ។ នេះបើយោងតាមសេចក្តីបំភ្លឺលោក ហូ សិទ្ធី នាថ្ងៃ១៧ ធ្នូ។

ប៉ុន្តែករណីនេះ លោកហូ សិទ្ធី បានបញ្ជាក់ថា “ខ្ញុំមិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹងថា ម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ” ។

លោកបន្តថា លោកស្អប់ខ្ពើមបំផុតចំពោះមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តអំពើថោកទាប ដោយបង្ខូចកេរ្តិ៍ឈ្មោះរបស់មនុស្ស ដែលគេមិនទាំងដែលស្គាល់ខ្លួនទៀត ។ លោកក៏ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកទាំងនេះ ។ លោកក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះមនុស្សថោកទាបធុននេះ ឲ្យបានម៉ឺងម៉ាត់ ៕

To Top