រសៀលថ្ងៃទី ១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាពិភាក្សា ដូចជា ទំនាក់ ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការ ជាក់ស្តែង កិច្ចសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រ អន្តរជាតិជាដើម ។
“ការណាត់ ជួបគ្នា ក្នុងការប្រកួតកីឡា អូឡាំពិករដូវរងា” ដែលបានធ្វើឡើង ដោយភាគីទាំងពីរមិនត្រឹមតែបង្ហាញ ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងក៏ជាសាក្សីនៃទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់រវាងប្រទេសទាំងពីរផងដែរ ។
កិច្ចជំនួបលើកនេះ គឺជាកិច្ចជំនួបតាមប្រព័ន្ធ វីដេអូលើកទី ២ នៅឆ្នាំ ២០២១ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយក៏ជាកិច្ចជំនួបលើកទី ៣៧ រវាងភាគីទាំងពីរផងដែរ ចាប់ពីឆ្នាំ ២០១៣ មក ។ ក្រោមការណែនាំ របស់ការទូតថ្នាក់កំពូល ទំនាក់ទំនងរវាងចិន និងរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ មិនធ្លាប់មាន កាលពីមុន ហើយកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ ក៏ទទួលបានសមិទ្ធផល ជាផ្លែផ្កាជាបន្តបន្ទាប់ផងដែរ ។
ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋ នៃប្រទេសទាំងពីរបានបូកសរុប ដោយគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនងទ្វេភាគី នៅឆ្នាំនេះ ហើយបានសម្តែងការពេញចិត្ត ចំពោះលទ្ធផល ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ។ សូមយកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាឧទាហរណ៍ ទោះបីជាបានរង ផលប៉ះពាល់ ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងរុស្ស៊ីនៅតែបានបំបែកកំណត់ត្រា ខ្ពស់បំផុតម្តងទៀត ពោលគឺ ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ សម្រេចបាននូវទំហំពាណិជ្ជកម្មលើសពី ១៣០ ប៊ីលានដុល្លារអាមេរិក ។ លើសពីនេះ ទៅទៀត កិច្ចសហប្រតិបត្តិការ រវាងចិន និង រុស្ស៊ី លើវិស័យផ្សេងទៀត ដូចជា ថាមពលនិងការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសជាដើម ក៏ទទួលបានផ្លែផ្កា យ៉ាងស្តុកស្តម្ភផងដែរ ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិននិងរុស្ស៊ីសុទ្ធ តែជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ហើយបានប្រកាន់ខ្ជាប់ មតិយោបល់និងគោលជំហរ រួមក្នុងការគាំពារសច្ចធម៌ និងយុតិ្តធម៌អន្តរជាតិ ព្រមនិងជំរុញប្រជាធិបតេយ្យភាព ក្នុងទំនាក់ទំនងអន្តរជាតិ ។ ពីការរួមគ្នាជំរុញការដោះស្រាយ បញ្ហាអាហ្វហ្កានីស្ថាន តាមវិធីនយោបាយ ដល់ការរួមគ្នាបញ្ចេញសំឡេង ដើម្បីប្រឆាំងយ៉ាងដាច់ខាតនូវអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ដែលរៀបចំធ្វើដោយអាមេរិក ក្នុងគោលបំណងបង្កបង្កើតភាពបែកបាក់គ្នា កិច្ចសហប្រតិបត្តិការ រវាងចិននិងរុស្ស៊ីជាការដាក់កំហិត យ៉ាងខ្លាំង ទៅលើអនុត្តរភាពនិយមផង ហើយក៏ជាការគាំពារយ៉ាងមុត មាំនៃប្រព័ន្ធអន្តរជាតិដែលចាត់ទុក អង្គការ សហប្រជាជាតិ ជាស្នូលផងដែរ ហើយបានផ្តល់ភាព ប្រាកដប្រជាកាន់តែច្រើន ដល់សណ្តាប់ធ្នាប់អន្តរជាតិដែលពោរពេញ ទៅដោយភាពមិនប្រាកដប្រជា ។
ក្នុងកិច្ចជំនួបនេះ ប្រទេសចិន បានថ្លែងថា នឹងគាំទ្រយ៉ាងមុតមាំដូចកាល ពីមុនចំពោះកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីក្នុងការគាំពារសន្តិសុខ និងស្ថិរភាពយូរអង្វែង របស់ប្រទេសជាតិ ។ ជាការឆ្លើយតប ភាគីរុស្ស៊ី បានគូសបញ្ជាក់ថា នឹងគាំទ្រយ៉ាងមុតមាំបំផុតដល់គោល ជំហរដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលចិន លើបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ ប្រឆាំងយ៉ាងដាច់ខាត ចំពោះកម្លាំងណា ដែលយកបញ្ហាតៃវ៉ាន់ធ្វើជាលេសប៉ុនប៉ង បំផ្លិចបំផ្លាញ ផលប្រយោជន៍ របស់ប្រទេសចិន ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាតនូវ” ការបង្កើតក្រុមសម័្ពន្ធតូច” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះតាមទម្រង់ណាក៏ដោយ ។
គួរបញ្ជាក់ថា ជាងមួយខែទៀត ប្រមុខរដ្ឋនៃប្រទេសទាំងពីរនឹងជួបសន្ទនាទល់ មុខគ្នាជាលើកដំបូងបន្ទាប់ពីផ្ទុះការ រីករាលដាលនៃជំងឺឆ្លង ។ ដល់ពេលនោះ ភាគីទាំងពីរនឹងដាក់ចេញឯកសារ សមិទ្ធផលសំខាន់ៗនិងចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការ មួយចំនួន ក្នុងន័យជំរុញទំនាក់ទំនង រវាងចិននិងរុស្សី ឱ្យឈានដល់កម្រិតថ្មី មួយម្តងទៀត ។ កិច្ចសហប្រតិបត្តិការ រវាងចិន និងរុស្ស៊ីមិនត្រឹមតែមានអំណោយ ផលដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាភ័ព្វសំណាងល្អសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅលើពិភពលោកផងដែរ ។ រាល់ការប៉ុនប៉ងទាំងអស់ ដែលចង់អុជអាលបំបែកបំបាក់ ទំនាក់ទំនងរវាងចិននិងរុស្ស៊ី នឹងមិនអាចសម្រេចបានជាដាច់ខាត ៕