ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី៖ ប្រជាជនត្រូវជម្លៀសខ្លួន កើនឡើងជាលំដាប់ ខណៈរដ្ឋ Johor បានក្លាយជារដ្ឋចុងក្រោយ ដែលទឹកជំនន់វាយប្រហារ

បរទេស៖ រដ្ឋ Johor បានក្លាយជារដ្ឋចុងក្រោយបង្អស់របស់ប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយទឹកជំនន់ ដោយចំនួនអ្នកជម្លៀសខ្លួន គឺបានកើនឡើងជាលំដាប់នៅថ្ងៃសៅរ៍ (1 មករា)។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សជាង 1 000 នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង គិតត្រឹមម៉ោង 4 រសៀល។ មជ្ឈមណ្ឌលសង្គ្រោះជិត២០ ត្រូវបានបង្កើតឡើងនៅក្នុងស្រុកចំនួនពីរ គឺ Segamat និង Tangkat បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់តាំងពីយប់ថ្ងៃសុក្រ។

ក្រៅពីរដ្ឋ Johor , ចំនួនអ្នកស្រុកដែលជម្លៀសចេញពីទឹកជំនន់នៅ Pahang, Melaka និង Negeri Sembilan ក៏បានបន្តកើនឡើងផងដែរកាលពីថ្ងៃសៅរ៍ ខណៈដែលរដ្ឋទាំង៤ កំពុងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។

ការជូនដំណឹងពណ៌ទឹកក្រូចត្រូវបានចេញដោយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់នៅក្នុងរដ្ឋទាំងនោះរហូតដល់ថ្ងៃច័ន្ទ។

យោងតាមប្រធានគណៈកម្មាធិការសុខភាព និងបរិស្ថានរដ្ឋ លោក R Vidyananthan បាននិយាយថា ទន្លេចំនួនបីនៅរដ្ឋ Johor – Sungai Segamat, Sungai Muar និង Sungai Tangkak – បានឡើងហួសកម្រិតគ្រោះថ្នាក់រួចទៅហើយ៕

To Top