ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី បន្តបញ្ជូនចូលក្នុង ប្រទេសកាហ្សាក់ស្ថាន ស្របពេលមានការតវ៉ា

បរទេស៖ កងទ័ពរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបន្តបញ្ជូនចូលទៅក្នុង ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយមានការតវ៉ាដ៏ខ្លាំងក្លា ប្រឆាំងនឹងថ្នាក់ដឹកនាំ របស់ប្រទេសនោះ បន្ទាំប់ពីមានការឡើងថ្លៃ នៃតម្លៃប្រេងសាំងនៅក្នុងប្រទេស។

ក្រុមមន្ត្រីរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា យ៉ាងតិចបំផុតមានមនុស្សចំនួន ១៦០នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ថែមទៀត ត្រូវបានគេចាប់ខ្លួន នៅក្នុងអំឡុងពេលមាន ភាពចលាចលនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា យន្តហោះ Il-76 ជាង ៧០គ្រឿងនិងយន្តហោះ An-124 ចំនួន៥គ្រឿងរបស់ខ្លួន ដែលដឹកបញ្ជូនកងកម្លាំងរុស្ស៊ី និងកងកម្លាំងរក្សាសន្តិភាព របស់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ីនោះ គឺត្រូវបានបញ្ជូនទៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន ដែលជាសមាជិកមួយនៃអង្គការ CSTO នោះ ធ្លាប់បានស្នើសុំជំនួយពីអង្គការនេះ នៅក្នុងអំឡុងពេលមាន ភាពចលាចលកើនឡើងខ្លាំង កាលពីសប្ដាហ៍មុន ហើយការប៉ះទង្គិចគ្នារវាង ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល និងប៉ូលិស បានចាប់ផ្តើមស្ងប់ស្ងាត់វិញ នៅយប់ថ្ងៃសុក្រ ស្របពេលដែលកងទ័ព ដឹកនាំដោយរុស្ស៊ីជាង ២.៥០០នាក់ បានទៅដល់កាហ្សាក់ស្ថាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top