ភ្នំេពញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគាំទ្រក្រុមហ៊ុនជប៉ុន នាំគ្រឿងចក្រប្រភេទថ្មី មានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ មករា លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យ ក្រសួងពិចារណា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថា វាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅក្នុងស្ថានភាព ប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំ បានយូរអង្វែងផងដែរ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន ពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការ នាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យ ទៅលើសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញ ក្នុងការផ្គត់ផ្គង់ សម្រាប់ដំណើរការកែច្នៃ និងការ ប្រមូលសំរាមផងដែរ ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី នៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើម នៃការនាំយកមកប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ធ្វើការ សិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណ ប្លាស្ទិកនៅកម្ពុជាថា តើអាចផ្គត់ផ្គង់ សម្រាប់ការកែច្នៃ បានកម្រិតណា និងបានបញ្ជាក់ថា ៖ តម្លៃ ផលិតផលនោះមិនត្រូវឱ្យ លើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្នទេ និងត្រូវ សិក្សាអំពីបញ្ហាផលប៉ះពាល់ បរិស្ថានដោយប្រៀបធៀប នឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី ដើម្បីបណ្ដុះបណ្ដាលសិស្ស និស្សិតកម្ពុជា ឱ្យក្លាយជាវិស្វករសម្រាប់ សាងសង់ផ្លូវថ្នល់ និង ប្រព័ន្ធដឹកជញ្ជូន និងបានស្នើឱ្យក្រុមហ៊ុន សហការឱ្យបានជិតស្និទ្ធជាមួយវិទ្យាស្ថានដើម្បីសិក្សា លម្អិតអំពីការនាំយកបច្ចេកវិទ្យាថ្មី នេះមកប្រើប្រាស់នៅកម្ពុជា៕