នយោបាយ

គណបក្សប្រជាជនកម្ពុជា គ្មានពេលបំភ្លេចថ្ងៃ៧ មករា ទោះធ្វើសង្គ្រាម ការពារក៏ហ៊ានដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គ្មានពេលណា គណបក្សប្រជាជនកម្ពុជា និងប្រជាជនខ្មែរ បំភ្លេចថ្ងៃ៧ មករា ឡើយ បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បីការពារ ៧មករា ក៏ហ៊ានធ្វើដែរ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានអ្នកវិភាគមួយចំនួន លើកឡើងថា គណបក្សប្រជាជនកម្ពុជា ផ្អាករៀបចំពិធីខួប ៧មករា ឆ្នាំ២០២២ ហាក់បីដូចជា ដកថយពីឥទ្ធិពលរបស់វៀតណាម។

ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ នៅខណ្ឌឫស្សីកែវ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ទៅអស់លោកបណ្ឌិតទាំងឡាយ ដែលធ្វើការវិភាគរបៀបនេះ គ្មានពេលណា ដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិត ដោយសារថ្ងៃ៧ មករា បំភ្លេចថ្ងៃ៧ មករា នោះទេ អ្នកត្រូវចាំកន្លែងនេះ បើទោះបីជាត្រូវធ្វើសង្គ្រាម ដើម្បីការពារ ៧មករា ក៏ហ៊ានធ្វើដែរ»។

សម្ដេច បន្ដថា គណបក្សប្រជាជនកម្ពុជា មានការចាំបាច់ ដែលត្រូវបញ្ជូនសារ ទៅកាន់ជនរួមជាតិរបស់ខ្លួនថា សម័យកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្ន សូម្បីបុណ្យមួយ ដែលមានការចុះក្នុងប្រតិទិន នៃការឈប់សម្រាក ក៏គណបក្សប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្ន ក្នុងការរៀបចំ ដើម្បីកុំឲ្យគណបក្ស ប្រជាជនកម្ពុជា ក្លាយទៅជាចំណុចផ្ទុះ នៃកូវីដ-១៩ ។

សម្ដេចពន្យល់ថា ដោយសារកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ការរៀបចំ ពិធីផ្សេងៗ សម្រាប់ ៧មករា វិញ បើប្រារព្ធពិធីតូចវាមិនសម បើត្រូវធ្វើ ក៏ធ្វើឲ្យធំផងដែរ។

សម្ដេច បញ្ជាក់ថា «រឿង៧មករា ទោះបីជាវៀតណាមកជួយ ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា សូមផ្តាំទៅវិញឱ្យយល់ ឱ្យភ្លឺភ្នែក។ ៧មករាគឺជាក្បាលរបស់យើងទាំងអស់គ្នា ក្បាលមនុស្សខ្មែរទាំងអស់គ្នា ទោះបីជាអ្នកឯងមិនស្គាល់ ក៏រឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណា ដែលគណបក្សប្រជាជន បោះបង់ចោល៧មករាទេ»។

សូមរំលឹកថា ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ ប្រជាជនកម្ពុជា ក្រោមការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងការចូលរួមជួយដោយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់ទាំងស្រុងនូវ សម័យកាលដ៏ខ្មៅងងឹតបំផុត នៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់៕

To Top