នយោបាយ

លោក សយ សុភាព៖ លោក ជេម សុខ បើកការវាយប្រហារ ខុសមុខព្រួញ និងទំលាក់ខុសគោលដៅ នាំឲ្យអន្តរាយដល់ខ្លួនឯងវិញ

ភ្នំពេញ៖ លោក សយ សុភាព អ្នកចូលចិត្តតាមដាន ស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស ហើយថែមទាំងជាអ្នកចូលចិត្ត វិភាគបញ្ហាទូទៅដែរនោះ បានលើកឡើងពីលោក សុខ សុគន្ធ ឬជេម សុខ ថា ប៉ុន្មានសប្តាហ៍មកនេះ បានបើកការវិភាគរបស់ខ្លួន ជាលក្ខណៈវាយប្រហារខុសមុខព្រួញ និងទំលាក់ខុសគោលដៅច្រើន នាំឲ្យអន្តរាយដល់ខ្លួនឯងវិញ។

លោក ជេម សុខ បច្ចុប្បន្នកំពុងរស់នៅអាមេរិក បាននិយាយថា បើមានសង្គ្រាមរវាងកម្ពុជា និងអាមេរិក លោកសុខចិត្តកាន់អាវុធ មកវាយប្រហារខ្មែរ ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ៧ កុម្ភៈ ក្នុងពិធីសម្ពោធផ្លូវជាតិមួយខ្សែនៅក្រចេះ ។ សម្តេចតេជោ បានចាត់ទុកសំដី លោក ជេម សុខ នេះថា មិនស្មើសត្វតិរច្ឆានផង ព្រោះតិរិច្ឆាននៅស្គាល់សំបុក តែលោក ជេម សុខ មានដើមកំណើតជាខ្មែរ តែបែរជាមកប្រមាថ ជាតិសាសន៍ខ្លួនឯងទៅវិញ ។

លោក សយ សុភាពបានលើកឡើង ក្នុងហ្វេសប៊ុកថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ​ពូ(ជេមសុខ)បាន បើកការវាយប្រហារខុសមុខព្រួញច្រើន និងថែមទាំងទំលាក់ខុសគោលដៅទៅទៀត។ អ្នកជំនាញសឹកសង្រ្គាម បាននិយាយថា ការទំលាក់ខុសផែនទី វានាំឲ្យអន្តរាយដល់ខ្លួនឯងវិញ។ បើនិយាយពីភូមិសាស្ត្រនយោបាយវិញ ពិតណាស់សហរដ្ឋអាមេរិក មិនទុកខ្មែរក្នុងកែវភ្នែកទេ តែអាមេរិក ក៏មិនអាចខ្វះខ្មែរបានដែរ” ។

លោកថា ពាក្យខ្មែរបុរាណថា «សេដ្ឋីនៅខ្វះអំបែង» ដូច្នេះផ្អែកលើតថភាពជាក់ស្តែងអាមេរិក ត្រូវការខ្មែរដោយផ្នែកៗ ដើម្បីបំពេញបន្ថែម។ ចំណែក កម្ពុជា ជាប្រទេសតូចនៅទន់ខ្សោយ គ្មានហេតុផលអ្វីប្រឈម នឹងមហាអំណាចទេ។ យើងប្រកាន់ជំហរ «ទន់ស្វិត រាល់ការខឹងមិនដែលចំណេញ» ។

ទោះបីយ៉ាងណាក៏លោក សយ សុភាព បានលើកសរសើរលោក ជេម សុខ ដែរថា ក្នុងចំណោមអ្នកវិភាគ លោកជាអ្នកមានវោហោរម្នាក់ហ្នឹងគេដែរ ហើយថែមទាំងនិយាយ ពីភូមិសាស្ត្រនយោបាយអន្តរជាតិ តំបន់ ព្រមទាំងខ្មែរទៀតផង៕

To Top