ព័ត៌មានជាតិ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ បានប្រារព្ធពិធីជួបជុំសមាជិកប្រចាំឆ្នាំ ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងថ្នាក់ដឹកនាំនិងសមាជិក

ភ្នំពេញ៖នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ បានប្រារឰនូវកម្មវិធីជួបជុំសមាជិក ឆ្នាំ២០២២ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និតស្នាលបំផុត។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ មានកិត្តិយស សូមអរគុណដល់អធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ថ្នាក់សកល ថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់ ព្រមទាំងអរគុណ ដល់សមាជិកសមាជិកានិងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ការជួបជុំទូទៅនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ ក្នុងគោលបំណង ដើម្បីជាឱកាសនៃការជួបជុំបង្កើតទំនាក់ទំនង និងពង្រីកបណ្តាញជាមួយថ្នាក់ដឹកនាំនិងសមាជិក ដែលមកពីស្ថាប័នផ្សេងគ្នា ព្រមទាំងបង្កើនទំនាក់ទំនងឲ្យកាន់តែរឹងមាំរវាង ថ្នាក់ដឹកនាំនិងសមាជិកទាំងអស់ និងបង្ហាញពីគម្រោងផែនការផ្សេងៗ នៅក្នុងឆ្នាំថ្មីនេះ។

តំណាងឲ្យសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ ពិតជាបានផ្តល់នូវគុណតម្លៃដល់កម្មវិធីទាំងមូល ដែលបានញ៉ាងឲ្យបរិយាកាសកម្មវិធី កាន់តែមានភាពសប្បាយរីករាយប្រកបដោយចិរភាព។ គុជល្អយ៉ាងណា គង់មានស្នាមរបស់វា។ ក្រុមការងារសូមធ្វើការអធ្យាស្រ័យនូវរាល់កង្វះខ្វះខាតទាំងអស់ដែលបានកើតមាននៅក្នុងអង្គពិធី ទាំងការរៀបចំ និងសកម្មភាពសម្តែងចេញ។

ទន្ទឹមគ្នានេះ បើសិនបើភ្ញៀវកិត្តិយសមានជាមតិយោប ឬជាសំណូមពរផ្សេងៗ ដើម្បីស្ថាបនាដល់ការរៀបចំរបស់យើង អាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងដោយផ្ទាល់បាន ពួកយើងពិតជាមានភាពសប្បាយរីករាយណាស់ ក្នុងការទទួលយកមតិកែលម្អ និងរៀនសូត្របន្ថែមពីភ្ញៀវកិត្តិយសទាំងអស់។ ហើយក៏សូមជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ ព្រមទាំងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្នុងការដឹកនាំ រឺកសាង ក្រុមហ៊ុន និងអាជីវកម្ម ប្រកបដោយសក្តានុពលនិងវឌ្ឍនភាព។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ ដើម្បីជំរុញអំពីការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត។

សូមបញ្ជាក់ថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាគឺជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណញមួយ ដែលប្រមូលផ្តុំ ដោយពាណិជ្ជករ និងយុវជន អាយុចាប់ពី១៨ឆ្នាំ ដល់អាយុ៤០ឆ្នាំ ដែលកំពុងស្ម័គ្រចិត្ត ចូលរួមអភិវឌ្ឍន៍ និងបង្កើតនូវផលវិជ្ជមាន ជាច្រើននៅក្នុងសង្គម៕

To Top