ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកែសម្រួលព័ត៌មានពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ដោយហេតុថា ជនជាតិអូស្រ្តាលីម្នាក់នោះ មិនទាន់ដោះលែងនៅឡើយទេ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹកមិញ ខ្ញុំ បានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលី ដែលខ្ញុំបានស្នើ
សុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ»។
សម្ដេចតេជោ បានបន្ដថា «ការភ័ន្តច្រឡំនេះបណ្តាលមកពីខ្ញុំ ទទួលបានព័ត៌មានខុសដែលខ្ញុំ សូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។
សូមរំលឹកថា លោក Turnell ជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូបរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា៕