វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើង សហរដ្ឋអាមេរិក នៅតែបន្តស្វែងរកដំណោះស្រាយ ការទូត ចំពោះការប្រឈមមុខដាក់គ្នា នាពេលបច្ចុប្បន្នរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញបញ្ហាអ៊ុយក្រែន ទន្ទឹមនឹងនោះ បានព្រមានរុស្ស៊ី អំពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើខ្លួនជ្រើសរើសឈ្លានពាន ប្រទេសជិតខាងមួយនេះ ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ដែលបានចេញផ្សាយ ពីសេតវិមាន ស្តីពីស្ថានភាពវិវឌ្ឍន៍ នៅតាមព្រំដែនអ៊ុយក្រែន លោក បៃដិន បានលើកឡើងថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈ “ដើម្បីចូលរួមការទូត ជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីកែលម្អស្ថិរភាព និងសន្តិសុខ នៅអឺរ៉ុបទាំងមូល” ដោយបន្ថែមថា ប្រសិនបើរុស្ស៊ី ជ្រើសរើសឈ្លានពានអ៊ុយក្រែន លោកខាងលិចនឹង “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់”។
លោក បៃដិន បានបន្ដថា លោកយល់ស្របនឹងសំណើររបស់រដ្ឋាភិបាល រុស្ស៊ី ដើម្បីបន្តការចរចាការទូត ដោយបន្ថែមថា “យើងគួរតែផ្តល់ ឱកាសឱ្យការទូតគ្រប់ៗគ្នាដើម្បីជោគជ័យ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា លោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលការហៅទូរស័ព្ទទ្វេភាគី កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក មានឆន្ទៈ “បន្តការបន្តការទូតកម្រិតខ្ពស់” ដើម្បីចរចា “ការយល់ដឹងជាលាយលក្ខណ៍អក្សរ” ជាមួយរុស្ស៊ី។
ប្រធានាធិបតីអាមេរិក បានអះអាងថា ប្រទេសរបស់លោកបាន “ដាក់គំនិតជាក់ស្តែង ដើម្បីបង្កើតបរិយាកាសសន្តិសុខនៅអឺរ៉ុប” ដោយសំដៅលើឯកសារជាលាយ លក្ខណ៍អក្សរដែលសហរដ្ឋអាមេរិកបានដាក់ជូនរុស្ស៊ីកាលពីខែមុន ដើម្បីដោះស្រាយកង្វល់សន្តិសុខរបស់ទីក្រុងម៉ូស្គូ។
វិមានក្រឹមឡាំង បានឲ្យដឹងថា ឯកសាររបស់សហរដ្ឋអាមេរិក មិនអើពើនឹងការទាមទារចម្បង របស់ខ្លួន ដែលចំណុចកណ្តាល នោះគឺថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) មិនអាចពង្រីកទៅភាគខាងកើតបន្ថែមទៀត ដើម្បីរួមបញ្ចូលអ៊ុយក្រែន ជាសមាជិករបស់ខ្លួននោះទេ៕
ដោយ ឈូក បូរ៉ា