ព័ត៌មានអន្តរជាតិ

តើទណ្ឌកម្ម របស់លោកខាងលិច លើរុស្ស៊ី មានន័យអ្វីទៅ?

ភ្នំពេញ៖ សម្លេងកាំភ្លើងតូចធំ រួមទាំងសម្រែកទ្រហោយំ បានបន្លឺឡើងកងរំពង នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលកើតចេញពីការវាយប្រហារ ក្រោមការបញ្ជាផ្ទាល់ពីបុរសខ្លាំង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្រោយមានភាពតានតឹងអស់រយៈពេលជាយូរ។

អ្វីដែលត្រូវចោទសួរនៅពេលនេះថា តើសហរដ្ឋអាមេរិក អង្គការណាតូ សហភាពអឺរ៉ុប ទៅណាហើយ? ហើយតើការដាក់ទណ្ឌកម្ម ពីសំណាក់ក្រុមប្រទេសទាំងនោះ ទៅលើរុស្ស៊ី មានន័យអ្វីទៅ?។

គួសបញ្ជាក់ថា នៅថ្ងៃដំបូងនៃសមរភូមិសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន នេះ ត្រូវបានថ្នាក់ដឹកនាំពិភពលោក អ្នកតាមដានភូមិសាស្រ្តនយោបាយ អ្នកវិភាគកក្នុងនិងក្រៅស្រុក រួមទាំងអ្នកសារព័ត៌មានទូទាំងពិភពលោក បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីព្រឹត្តិការណ៍ដ៏កក្រើនមួយនេះ។

ចំពោះព្រឹត្តិការណ៍នេះ លោក សយ សុភាព ដែលជាអ្នកការសែតជើងចាស់នៅកម្ពុជា និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានបញ្ចេញនូវទស្សនៈក៏ដូចជាសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់ ប្រជាជនស្លូតត្រង់ អ៊ុយក្រែន ផងដែរ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក អង្កការណាតូ សហភាពអឺរ៉ុប ទៅណាហើយ?។

លោកថា សង្វេកជនសុវិល មិនដឹងអ្វីទេ។ ពួកអ្នក (US NATO EU) មើលងាយរុស្ស៊ីពេក។

នៅក្នុងករណីនេះ លោក សយ សុភាព បានចោទជាសំនួរថា «ទណ្ឌកម្មរបស់លោកខាងលិចមានន័យអ្វីទៅ?»។

លោក សយ សុភាព ក៏បានឱ្យដឹងថា មហិឆ្ឆតារបស់លោកខាងលិច និង អឺរ៉ុប ចង់ហ៊ំព័ទ្ធរុស្ស៊ីដោយ បង្ខំឱ្យអ៊ុយក្រែនចូលណាតូដែលរុស្សុីប្រឆាំងដាច់ខាត។ ឥឡូវឃើញហើយ តើអ្នកណារងគ្រោះ?

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានផ្ដាំទៅ បងប្អូនខ្មែរណានោះ កុំបន្តចាញ់បោកពួកនេះ ចូរនាំគ្នាពង្រឹងសន្តិភាព និង មិនអនុញ្ញាតិឱ្យនណាម្នាក់ ឬ ក្រុមណាមួយមកបំផ្លាញកម្ពុជាដាច់ខាត៕

To Top