ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាប់ផ្ដើមពង្រីក និងជួសជុលផ្លូវជាតិលេខ៤

ភ្នំពេញ៖ ផ្លូវជាតិលេខ៤ ដែលសហរដ្ឋអាមេរិក ចំណាយថវិកាសាងសង់កាលពីអតីតនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្ដើមធ្វើការពង្រីក និងជួសជុល ចាប់ពីឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit. 6279-KH សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ រួមមាន៖ ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ, ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកភ្លៀងជន់លិច។

ក្រសួង បានស្នើប្រជាពលរដ្ឋធ្វើដំណើរ និងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ អធ្យាស្រ័យដល់បណ្ដាការរំខាន ដែលបង្កដោយការងារស្ថាបនាស្ពានថ្នល់ និងចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ ដែលរៀបចំនៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការ និងក្រុមហ៊ុនម៉ៅការសាងសង់ ហើយសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួម ដើម្បីឲ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ នេះ ទទួលបានជោគជ័យ។

សូមបញ្ជាក់ថា រយៈពេល នៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះ ចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដែលនឹងគ្រោងចំណាយប្រមាណ១០០ដុល្លារ ៕

To Top