ព័ត៌មានជាតិ

២ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញកសិផល ទៅក្រៅប្រទេសជិត ២លានតោន

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេស ចំនួន១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅចំនួន៥២ប្រទេស កើន ៩,៥១% បើធៀបរយៈពេលដូចគ្នា។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា «ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន»។

លោករដ្ឋមន្ដ្រី បានរៀបរាប់ថា ក្នុងរយៈពេល ២ខែ ឆ្នាំ២០២០ បរិមាណអង្ករនាំចេញ ចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។

ដោយឡែក បរិមាណនាំចេញស្រូវ ចំនួន ៦៥១ ១០១ តោន ទៅកាន់វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) មានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។

លើសនេះទៀត បរិមាណនាំចេញកសិផលក្រៅពី ស្រូវ-អង្ករ ចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន៕

To Top