ព័ត៌មានអន្តរជាតិ

ចិន ជំរុញ អាមេរិក បញ្ជាក់ ឲ្យបាន ពេញលេញ នូវ សកម្មភាព យោធា ជីវសាស្ត្ររបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាព ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ការបំភ្លឺឱ្យបានហ្មត់ចត់ទាក់ទងនឹង សកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួន។

អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិក ក៏គួរតែឈប់ឈរតែម្នាក់ឯងក្នុងការរារាំងការបង្កើតរបបផ្ទៀងផ្ទាត់ អនុសញ្ញាអាវុធជីវសាស្ត្រ។

លោកបានលើកឡើងថា “នេះនឹងជួយស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក និងពង្រឹងជីវសុវត្ថិភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ចាវ បានបន្ដថា “សកម្មភាពយោធាជីវសាស្រ្តនៅអ៊ុយក្រែន គឺជាក្តីកង្វល់ទូទៅរបស់សហគមន៍អន្តរជាតិ” ដោយលើកឡើងពីព័ត៌មានដែលបានបង្ហាញរួចហើយអំពីការចូលរួម និងការផ្តល់មូលនិធិដល់មន្ទីរពិសោធន៍ជីវសាស្រ្តនៅអ៊ុយក្រែន ដែលផ្ទុកមេរោគដ៍សាហាវ។

លោក បានបន្ថែមថា សហរដ្ឋអាមេរិក តែងតែអះអាងថា “បើកចំហ និងមានតម្លាភាព ប្រសិនបើការព្រួយបារម្ភគឺពិតជាព័ត៌មានមិនពិត ហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនបញ្ចេញឯកសារលម្អិត ដើម្បីបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួន?

លោក ចាវ ក៏បានសួរពីរបៀបដែលសហរដ្ឋអាមេរិក បានចំណាយថវិការបស់ខ្លួនចំនួន ២០០លានដុល្លារនៅក្នុងមន្ទីរពិសោធន៍ជីវៈ តើការស្រាវជ្រាវប្រភេទណា ដែលខ្លួនធ្វើឡើងលើមេរោគ និងហេតុអ្វីបានជាវាមិនព្រមបើកបន្ទប់ពិសោធន៍ជីវគីមី សម្រាប់ការស៊ើបអង្កេតឯករាជ្យដោយអ្នកជំនាញអន្តរជាតិ ក្នុងចំណោមសំណួរផ្សេងទៀត៕ប្រែសម្រួល ឈូក បូរ៉ា

To Top