ព័ត៌មានជាតិ

កម្ពុជា ស្នើអារ៉ាប៊ីសាអូឌីត ផ្តល់អាហារូបករណ៍ ក្នុងការបណ្តុះបណ្តាល ផ្នែកវិស្វកម្មប្រេង និងឧស្ម័ន

ភ្នំពេញ៖ បន្ទាប់ពីមានចំណាប់អារម្មណ៍ ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីត ក្នុងផលិតកម្មប្រេង និងឧស្ម័ន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ផ្តល់អាហារូបករណ៍ក្នុងការ បណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័នដល់កម្ពុជា ។

កាលពីថ្ងៃទី១៨ មីនា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានជួបប្រជុំទ្វេភាគីជាមួយគ្នា នៅវិមានសន្តិភាព ។
អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវ កាលានុវត្តភាពប្រកបដោយការលើកទឹកចិត្តរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុង ជ្រោយ ក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំសមភាគីរបស់លោក ឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីត មកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។

ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះ ការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើ ជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ មានគោលជំហរដូចគ្នាក្នុងការគោរព តាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅអារ៉ាប៊ីសាអូឌីត ៕

To Top