ភ្នំពេញ៖ មន្ត្រីគយបានធ្វើការត្រួតពិនិត្យ អនុលោមភាពពន្ធនាំចូល រថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ រកឃើញគ្រឿងញៀនជាង ២០គីឡូក្រាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្ត តាមបទបញ្ជារបស់ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំ របស់លោកអគ្គនាយករង កើត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធ ដែលមានស្រាប់នៅក្នុងស្រុក ។
នៅពេលត្រួតពិនិត្យក្នុងរថយន្ត មន្ត្រីគយបានរកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាចជាសារធាតុញៀន មន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ ១រូប និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។
ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យ ឃើញលទ្ធផលថា ជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប 20,752.4ក្រាម ក្នុងនោះ ប្រភេទ MDMA 15,742ក្រាម, ប្រភេទកេតាមីន 4,996ក្រាម, និងមេតំហ្វេតាមីន 14.4ក្រាម។
បច្ចុប្បន្ន មន្ត្រីគយនិងរដ្ឋាករបានប្រគល់ ជនសង្ស័យនិងវត្ថុតាង ចាប់យកខាងលើ ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕