សុខភាព

វេជ្ជបណ្ឌិត SGMC ណែនាំពលរដ្ឋកម្ពុជា ជួបគ្រូពេទ្យជំនាញ ពិភាក្សានិងព្យាបាល ឲ្យត្រឹមត្រូវជំងឺលើសឈាម ខណៈជំងឺនេះសម្លាប់មនុស្សជាច្រើន លើពិភពលោក

ភ្នំពេញ៖ ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម កើតឡើងពីសំពាធឈាម លើសកំរិតធម្មតា ដែលយើងអាចដឹងបាន តាមរយៈម៉ាស៊ីនវាស់សម្ពាធឈាម ហើយវាអាចផ្តល់ផលប៉ះពាល់ ទៅលើជញ្ជាំងសសៃឈាម នៃសរីរាង្គផ្សេងៗ ជាពិសេស សរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ចាត់ទុកថាជាឃាតករសំងាត់ អាចសម្លាប់មនុស្សគ្រប់ពេលវេលា និងនៅលើពិភពលោក ជំងឺនេះបានសម្លាប់មនុស្ស​ ជារៀងរាល់ថ្ងៃ ជាប់ចំណាត់ថ្នាក់លេខ១ ជាជំងឺសម្លាប់មនុស្សដ៏សាហាវ ។ នេះជាការលើកឡើង របស់ក្រុមវេជ្ជបណ្ឌិតជំនាញ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapor Medical Center) តាមរបាយការណ៍​ អង្គការសុខភាពពិភពលោក ។

មនុស្សមួយចំនួន មានការភ័ណ្ឌច្រឡំ ចំពោះជំងឺលើសឈាម ដោយសារការវាស់សម្ពាធឈាម តាមរយៈម៉ាស៊ីនមិនត្រឹមត្រូវ តាមលក្ខណៈឯកទេស ដោយគ្រាន់តែវាស់ម្តង ហើយឃើញសម្ពាធឈាមឡើងខ្ពស់ ចាត់ទុកថាខ្លួន បាននឹងកំពុងស្ថិតក្នុងដំណាក់កាល អំងឺលើសឈាម ត្រង់ចំណុចនេះ ក្រុមវេជ្ជបណ្ឌិតជំនាញ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី ក៏បានណែនាំ ដល់ប្រជាពលរដ្ឋនៅកម្ពុជា ឲ្យជួបជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ មុននឹងធ្វើរោគវិនិច្ឆ័យ ដើម្បីទទួលការព្យាបាល ត្រឹមត្រូវនិងមានប្រសិទ្ធិភាព មិនបង្កឲ្យវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ ព្រោះជំងឺនេះ អាចធ្វើអោយមនុស្ស ដាច់សរសៃខួរក្បាល បង្កទៅជាពិការភាពមួយចំហៀងខ្លួន និងស្លាប់ភ្លាមៗតែម្តង ។

តាមការពន្យលរបស់ Dr. Veasna Mean នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានឲ្យដឹងថា “ប្រទេសកម្ពុជា តាមការសិក្សាស្រាវជ្រាវខ្លះ សង្កេតឃើញថា ប្រជាជនដែលនៅទីក្រុង ជួបនឹងជំងឺលើសសម្ពាធឈាមនេះ ច្រើនជាងប្រជាជន ដែលរស់នៅតាមជនបទ ដែលរួមផ្សំពីកត្តាផ្សេងជាច្រើន ។ ជាទូទៅគ្រូពេទ្យឯកទេសពន្យល់ថា ជំងឺលើសឈាម ពុំមែនជាជំងឺនោះទេ វាជាវិបត្ត ឬជាអាការរោគសញ្ញា ដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ ។ ក្នុងមនុស្សម្នាក់ៗមានឈាម ប្រមាណ៤.៥ ទៅ៥លីត្រ ស្ថិតក្នុងចន្លោះ ពី១២០ លើ៧០ (១២លើ៧) ជាកម្រិតឈាមធម្មតា ។ ប្រសិនបើក្នុងករណីវាស់ឈាម លើសនិងស្មើនឹង១៤ ឬមើលតាមម៉ាស៊ីន ១៤០លើ៩០ អាចសង្ស័យថា មនុស្សម្នាក់នោះ មានជំងឺលើសឈាម” ។

លោកវេជ្ជបណ្ឌិតបន្តថា “ប្រសិនបើយើងខ្លួនឯង ដឹងថាខ្លួនឯងប្រឈមមុខ នឹងកើតជំងឺលើសឈាម យើងត្រូវធ្វើរោគវិនិច្ឆ័យ ឲ្យបានច្បាស់លាស់ នៅពេលណាយើងធ្វើរោគវិនិច្ឆ័យ មិនបានច្បាស់លាស់ទេ ដោយគ្រាន់តែទៅទិញថ្នាំ និងព្យាបាល តាមលក្ខណៈបុរាណជាដើមនោះ វាអាចមានប្រសិទ្ធភាពខ្លះ តែជាទូទៅផលវិបាក ដែលបានមកពីការព្យាបាល មិនបានត្រឹមត្រូវនោះ មានលក្ខណៈធំធេញ រហូតអាចទៅដល់ស្លាប់មួយជំហៀងខ្លួន” ។

ដើម្បីឲ្យដឹងច្បាស់ថា មនុស្សម្នាក់ មានសម្ពាធឈាមខ្ពស់ ដែលប្រឈមនឹងជំងឺលើសឈាម ត្រូវបាន Dr. Kuch Chhoamdalin ដែលជាវេជ្ជបណ្ឌិត មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានពន្យល់ឲ្យដឹងថា “ការវាស់សម្ពាធឈាមតែម្តង មិនអាចកំណត់បានថា មនុស្សម្នាក់ ស្ថិតក្នុងដំណាក់កាលលើសឈាមនោះទេ ត្រូវឲ្យមនុស្សម្នាក់នោះ សម្រាករយៈពេល១០នាទី ដើម្បីធ្វើការវាស់ម្តងទៀត ហើយតាមដាន ដោយការវាស់ដដែលនេះ ចំនួនពីទៅបីលើក (ចន្លោះ២ទៅ៣ថ្ងៃ) ជាប់គ្នា ហើយមើលឃើញថា សម្ពាធឈាមនៅតែខ្ពស់ ដោយមិនបានញាំកាហ្វេ មិនបានញាំស្រារបៀ ទោះពីបានគេងលក់ស្រួលបួលក៏ដោយ ទើបអាចធ្វើរោគវិនិច្ឆ័យថា មនុស្សម្នាក់នោះ កំពុងលើសសម្ពាធឈាមបាន” ។

ក្រុមវិជ្ជបណ្ឌិតខាងលើ បានពន្យល់ថា ការវាស់សម្ពាធឈាម ដែលមិនអាចកំណត់ ដោយគ្រាន់តែវាស់តែម្តង ដោយសារតែមានពេលខ្លះ សម្ពាធឈានកើនឡើង ដោយសារការភ័យរន្ធត់នឹងអ្វីមួយ ការធ្វើដំណើរហត់អស់កម្លាំង ការរំភើបនឹងអ្វីមួយ ការទទួលទាន ចំណីអាហារមួយចំនួន ដែលធ្វើឲ្យចលនាបេះដូង បាញ់ឈាមចេញមក បង្កឲ្យមានសម្ពាធឈាមកើនឡើង ។ ក្នុងចំណុចនេះ ទើបក្រុមវេជ្ជបណ្ឌិត ណែនាំឲ្យធ្វើការវាស់សម្ពាធឈាម ឲ្យបាន៣ដង នៅពេលព្រឹក ខណៈដែលមិនទាន់ទទួលទានអាហារផ្សេងៗ ។

ជាមួយគ្នានោះ Dr. Yin Setheka ឯកទេសខាងអ័រម៉ូនស្រ្តី នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បានឲ្យដឹងថា “ចំពោះស្ត្រីមានផ្ទៃពោះ ដែលមានប្រវត្តិលើសឈាម ត្រូវតែជួបជាមួយគ្រូពេទ្យ ក្នុងការរក្សាលំនឹងសម្ពាធឈាម ឲ្យនៅត្រឹម១៣០លើ៨០ (១៣លើ៨) ដើម្បីការចិញ្ចឹមពីម្តាយទៅទារក ដំណើរការបានល្អ នៅពេលណាសម្ពាធឈាម ស្ត្រីជាម្តាយឡើងខ្ពស់ពេក ធ្វើឲ្យការនាំចំណីអាហារ និងឧកស៊ីសែន ទៅទារកមិនបានល្អ បង្កឲ្យប៉ះពាល់ដល់ការលូតលាស់ របស់ទារកមិនគ្រប់គីឡូ ក្នុងករណីសម្ពាធឈាមឡើងខ្លាំងពេក ធ្វើឲ្យម្តាយអាចដាច់សរសៃឈាម ប្រកាច់ ឈឺក្បាល វិលមុខ ឬហើម ដែលប៉ះពាល់ខ្លាំងទាំងម្តាយនិងទារក ទើបទាមទារឲ្យស្ត្រីមានផ្ទៃពោះ ចាំបាច់ត្រូវទៅជួបជាមួយ គ្រូពេទ្យជាប្រចាំ ដើម្បីទទួលសេវាព្យាបាល យ៉ាងហោចណាស់ ក្នុង១ខែម្តង” ។

ជំងឺលើសឈាម អាចមានសញ្ញាមួយចំនួន ដូចជា ឈឺក្បាល រោយកញ្ចឹងក ស្រវ៉ាំងភ្នែក ឈឺទ្រូង ដង្ហើមខ្លី ឈាមក្នុងទឹកនោម ឬឈឺតម្រងនោម ប្រកាច់ ដែលអាចសន្និដ្ឋានថា អាចមានជំងឺលើសឈាម ដូច្នេះអ្នកជំងឺត្រូវមកមន្ទីរពេទ្យ ធ្វើការពិនិត្យវាស់សម្ពាធឈាម និងត្រូវមានវិធីការពារ ប្រសិនបើស្ថិតក្នុងដំណាក់កាល កើតជំងឺលើសសម្ពាធឈាម ចាំបាច់ត្រូវមានវិធីគ្រប់គ្រងព្យាបាល ដោយការព្យាបាលនោះ មានទាងការផ្លាស់ប្តូររបៀបរស់នៅ និងប្រើប្រាស់ថ្នាំ ហើយកាលប្រើប្រាស់ថ្នាំទៀតសោធ ក៏ត្រូវការពិនិត្យបច្ច័យ ទាំងកម្រិតនៃជំងឺ ទាំងប្រភេទថ្នាំ ឬទៅតាមសភាពអ្នកជំងឺជាក់ស្តែង ទើបអាចគ្រប់គ្រង់ ជំងឺលើសសម្ពាធឈាមនោះបាន ។ ដើម្បីគ្រប់គ្រង់ ឬដើម្បីអោយជំងឺលើសឈាមនេះ វាមិនមានផលវិបាក ឬអាចការពារគ្រប់គ្រង់បានល្អ លុះត្រាតែប្រជាពលរដ្ឋទូទៅ ទទួលបានចំណេះដឹងមូលដ្ឋាន ដើម្បីដឹងនិងត្រួតពិនិត្យ សម្ពាធឈាមខ្លួនឯង ដោយកត់ត្រាហើយស្វែងរក គ្រូពេទ្យជំនាញ ដើម្បីជួបពិភាក្សា ធ្វើការគ្រប់គ្រង៕ ដោយ៖ ដារាត់

To Top