ព័ត៌មានជាតិ

ក្រុមការងារខេត្តកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ខណៈពីម្សិលរុះរើឧបករណ៍ល្មើសច្បាប់មួយចំនួន

ភ្នំពេញ ៖ ក្រុមការងារចម្រុះ ជាង១០០នាក់ របស់ខេត្តកំពង់ឆ្នាំង ដោយបានបែងចែកជា៤ក្រុមនោះ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បាននិងកំពុងបន្តប្រតិបត្តិការយ៉ាងសស្រោកសស្រាំ ព្រមគ្នា ចុះធ្វើប្រតិបត្តិការបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌ ។ នេះបើយោងតាមហ្វេសប៊ុក របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

បើតាមលោកអភិបាលខេត្តដដែល គឺថ្ងៃ២៤ មីនា លោកបានចាត់តាំងក្រុមការងារចម្រុះ ដឹកនាំដោយអភិបាលរងខេត្ត រួមជាមួយកម្លាំងសមត្ថកិច្ច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកទាំង៣នោះ ។

លទ្ធផលសម្រេចបានរួមមាន៖ រុះរើរបាំងសាច់អួនចំនួន ២៧កន្លែង ស្មើនឹង ២ ២០០ម៉ែត្រ , បង្គោលចំនួន ៨៥០ដើម , លូសាច់អួនចំនួន ៣៤លូ , រុះរើសម្រាស់ចំនួន ៧កន្លែង ស្មើនឹង ៥៦០ម៉ែត្រការ៉េ , បង្គោលចំនួន ១៣០ដើម និងមែកសម្រាស់ចំនួន ៣ ៤០០មែក។

សូមបញ្ជាក់ថា ក្រោយពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអំពីការបើកប្រតិកម្មការបង្ក្រាបបទល្មើសនេសាទក្នុងលក្ខណៈទ្រង់ទ្រាយធំឲ្យបាន ដោយអាចប្រើឧត្ថម្ភាគចក្រកាលពីថ្ងៃ២៣ មីនានោះ ចាប់តាំងពីថ្ងៃ២៤ មីនា អភិបាលខេត្តមួយចំនួនបានចុះដឹកនាំបង្ក្រាបជាបន្តបន្ទាន់។

ក្នុងនោះរដ្ឋមន្រ្តីពាក់ព័ន្ធ រួមទាំងមេប៉ូលីស ទាហ៊ាននិងទ័ព ផងដែរនោះត្រូវរួមគ្នា សហការបង្ក្រាបឲ្យបាន។

កាលពីរសៀលថ្ងៃ២៤ មីនា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំចង្អៀតមួយ ជាបន្ទាន់ ដើម្បីប្រមូលធាតុចូលក្នុងដាក់ចេញវិធានការបន្ទាន់ចំពោះមុខ និងនាពេលអនាគត ក្នុងការបង្ក្រាបបទល្មើស នេសាទនៅបឹងទន្លេសាប ។

កិច្ចប្រជុំនេះដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

To Top