ព័ត៌មានជាតិ

ក្រសួង ជំនាញ កងកម្លាំង និងអាជ្ញាធរខេត្ត ជាប់បឹងទន្លេសាប បើកប្រជុំដាក់វិធានការ បង្រ្កាបបទល្មើសនេសាទ

ភ្នំពេញ៖ ក្រោយបើកកិច្ចប្រជុំលើកទី២ ទាក់ទងទៅនឹងវិធានការបង្គ្រាបបទល្មើសជលផល លើបឹងទន្លេសាប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ជាលទ្ធផលត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដោយក្នុងនោះ អាជ្ញាធរខេត្តនិងតុលាការ ជាប់បឹងទន្លេសាបទាំងអស់ ត្រូវស្រាវជ្រាវរាល់សំណុំរឿង បទល្មើសនេសាទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់។

ការបើកកិច្ចប្រជុំនេះ ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ម៉ៅ ហាក់ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងឲ្យនាយឧត្តមសេនីយ៍ សៅ សុខា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងអភិបាលខេត្តនិងតំណាងខេត្តទាំង៦ ជាប់បឹងទន្លេសាប ។

គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗ បន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយអភិបាល នៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការ កងឯកភាពខេត្ត ទាក់ទងនឹងស្ថានភាព ភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗ ដែលជនល្មើសប្រើប្រាស់ វិធានការ ឬយន្តការទប់ស្កាត់ និងបង្គ្រាបកន្លងមក ដំណើរការនៃការចងក្រងសំណុំ ឯកសារផ្លូវច្បាប់ ទាក់ទងបទល្មើស នីតិវិធីរបស់តុលាការ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំលាំងចម្រុះអន្តរក្រសួង សហការជាមួយកងកំលាំងប្រដាប់អាវុធ ត្រូវយកទៅអនុវត្តជាបន្ទាន់ ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

បន្ទាប់ពីបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ដោយភាពទទួលខុសត្រូវ និងគិតគ់គូពីផលប្រយោជន៍ជាតិខ្ពស់រួចមក កិច្ចប្រជុំអន្តរក្រសួងបានឯកភាពគ្នាជាឯកច្ឆន្ទ ដាក់ចេញនូវវិធានការជាបន្ទាន់ ក្នុងការសហការគ្នា អនុវត្តនូវវិធានការសំខាន់ៗ ទៅតាមស្មារតី នៃកិច្ចប្រជុំដូចខាងក្រោម៖

១/ ប្រគល់ជូនអភិបាលនៃគណៈអភិបាលខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប សហការជាមួយប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាអមសាលាដំបូង នៃបណ្តាខេត្តជាប់បឹងទន្លេសាបទាំងអស់ ពិនិត្យ និងស្រាវជ្រាវរាល់សំណុំរឿង បទល្មើសនេសាទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផល នៅតំបន់បឹងទន្លេសាប។

២/ កំណត់ឧបករណ៍សំខាន់មួយចំនួន ដែលជនល្មើសប្រើប្រាស់ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានជលផល ដើម្បីធ្វើការបង្ក្រាបជាបន្ទាន់។

៣/ បង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិ ជាអចិន្ត្រៃយ៍នៅទីតាំងសំខាន់ៗ ចំនួន០២កន្លែងជាបឋម ក្នុងចំណាម៥កន្លែង នៅបឹងទន្លេសាប ដើម្បីតាមដានត្រួតពិនិត្យ ជាប្រចាំនូវរាល់សកម្មភាពល្មើស ជលផលជាប្រចាំ និងធ្វើអន្តរាគមន៍ តាមការចាំបាច់។

៤/គណៈបញ្ជាការឯកភាព ថ្នាក់ខេត្តទាំង៦ត្រូវ៖
៤.១/ បង្កើតទីបញ្ជាការស្រាល នៅតាមបណ្តាទីតាំងចំបាច់សំខាន់ៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
៤.២/ ចាត់តាំងមន្រ្តីក្រោមឱវាទ របស់ខ្លួនធ្វើការផ្សព្វផ្សាយ ជាបន្ទាន់នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសជលផល តាមរយៈការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព។
៤.៣ /ចាត់មន្រ្តីក្រោមឱវាទរបស់ខ្លួន ក្នុងការធ្វើជំរឿន និងការស្រាវជ្រាវ រកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើស ជាបន្ទាន់។
៤.៤/ផ្តល់ការគាំទ្រ កិច្ចសហការ និងកិច្ចសម្របសម្រួលចាំបាច់នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ក្រុមការងារថ្នាក់ជាតិ និងសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងសមត្ថកិច្ច នៃបណ្តាខេត្តដែលជាប់នឹង បឹងទន្លេសាប។
៤.៥/ ពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទ ដែលបំផ្លិចបំផ្លាញ ធនធានជលផល នៅតំបន់បឹងទន្លេសាប។

៥/ ក្រុមការងារថ្នាក់ជាតិ ត្រូវចុះពិនិត្យទីតាំងទាំង៥ ដែលត្រូវឈរជើងជាអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ទី២៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

៦/ លេខាធិការដ្ឋានថ្នាក់ជាតិមួយ ត្រូវបានបង្កើតឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការសម្របសម្រួលរាល់ សកម្មភាពរបស់ក្រុមការងារចម្រុះ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ។

៧/ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប នឹងត្រូវធ្វើការកែសម្រួល ឱ្យស្របតាមតម្រូវការជាក់ស្តែង៕

To Top