ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ផ្ទន្ទាទោស កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២ឥ១៨ នៅ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានកែប្រែទណ្ឌកម្មរបស់គាត់ ពីត្រូវជាប់គុក ១០ ឆ្នាំ មកនៅជាប់គុក កំណត់ ៩ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ មាស ចាន់តុង ភេទប្រុស អាយុ ៤២ ឆ្នាំ ។
ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលថវិការដ្ឋ។ គាត់ជាបើចោទពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។
តែគាត់បានប្តឹងឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ នៅ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២
ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតបាន គ្រឿងញៀនទម្ងន់សរុប៩៧,៧៣ ក្រាម (ប្រមាណ ១០០ ក្រាម) ពី គាត់៕
ដោយ លីហ្សា